មេ​ធំ Sporting ដាក់​កំហិត​ហើយ ៦២ លាន​អឺរ៉ូ​មិន​គ្រប់គ្រាន់​សម្រាប់​កីឡាករ​ម្នាក់​នេះ​ទេ

ក្លឹប​បិសាច​ក្រហម Man Utd ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ចង់​បាន Bruno Fernandes ទៅ​ចូលរួម​ជាមួយ​ក្លឹប​នា​រដូវ​កាល​ក្រោយ បន្ទាប់​ពី​មើល​ឃើញ​ពី​គុណភាព​ដ៏​ជំនាញ​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​នៅ​ការ​ប្រកួត UEFA Nations League កន្លង​មក។

យ៉ាងណាមិញ​តាម​រយៈ​សំណើ​កន្លង​មក​ដែល​ល្ហិចល្ហៀង​ថា​បិសាច​ហ៊ាន​ឲ្យ​ដល់ ៦២ លាន​​អឺរ៉ូ ​ក៏​ត្រូវ​បាន​ប្រធាន​ក្លឹប​ Sporting CP លោក Frederico Varandas ធ្វើ​ការ​ច្រាន​ចោល​ថា​មិន​ទទួល​យក​នោះ​ទេ ពោល​គឺ​តម្លៃ​ខ្លួន Fernandes ​ត្រូវ​ខ្ពស់​ជាង​ហ្នឹង​បន្ថែ​មទៀត។

លោក​បាន​ប្រាប់ RTP ថា៖ “ខ្ញុំ​មិន​ដឹង​ថា​មាន​ក្លឹប​ច្រើន​ចាប់​អារម្មណ៍​ឬ​អត់​ទេ ប៉ុន្តែ​មាន​ការ​លើក​ឡើង​ពី​តម្លៃ​ខ្លួន ៥៥ លាន ឬ ៦២ លាន ដោយ​តម្លៃ​នេះ​មិន​អាច​ឲ្យ​គាត់​ចាកចេញ​ទៅ​បាន​ឡើយ ​ព្រោះ​ជា​ការ​ពិត​ប្រសិន Bruno ចេញ ​យើង​ក៏​ត្រូវ​ការ​ចាយ​លុយ​លើ​កីឡាករ​មាន​គុណភាព​ឯ​ទៀត​មក​ចូលរួម​ផង​ដែរ”។

បញ្ជាក់​ថា​ក្រោយ​ពី​ការ​បដិសេធ​របស់​ប្រធាន​ក្លឹប ទៅ​មើល​បិសាច​ក្រហម​ក៏​មិន​ប្រាកដ​ថា​អាច​ដាក់​សំណើ​ថ្មី​នោះ​ដែរ ​ព្រោះ​កន្លង​មក​ខ្លួន​ចាយ​អស់​ច្រើន​លើ​ការ​ចុះ​ហត្ថលេខា​យក Daniel James និង Wan-Bissaka ក្បែរ ៦៥ លាន​ផោន​រួច​ទៅ​ហើយ ខណៈ​ដែល​រឿងរ៉ាវ​ជាមួយ Harry Maguire ប្រមាណ ៨០ លាន​ផោន​ទៀត​ក៏​កំពុង​ឃ្លាំ​មើល។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT