សមាជិកក្រុមជម្រើសជាតិជប៉ុនមួយចំនួន កំពុងមានក្ដីបារម្ភ ដោយសារតែគ្រួសាររបស់ពួកគេរស់នៅកន្លែងដែលរងគ្រោះរញ្ជួយដីកាលពីម្សិលមិញនេះ។
ហេតុការណ៍រញ្ជួយដីដ៏ខ្លាំងក្លាមួយ បានកើតឡើងនៅក្នុងទីក្រុង Osaka ប្រទេសជប៉ុន។ បើតាមប្រភពពីជប៉ុនបានបញ្ជាក់ថាមនុស្ស៣នាក់បានស្លាប់ ក្នុងនោះមានក្មេងម្នាក់ និងបណ្ដាលឲ្យមនុស្សជាង ២០០នាក់ផ្សេងទៀតរងរបួស។ ហេតុការណ៍នេះ បានធ្វើឱ្យក្រុមជម្រើសជាតិជប៉ុន ដែលកំពុងតែត្រៀមខ្លួនលេង World Cup នៅប្រទេសរុស្ស៊ី មានក្ដីបារម្ភ និងបានផ្ញើសាររំលែកទុក្ខដល់ជនរងគ្រោះផងដែរ។
Makoto Hasebe ប្រធានក្រុមជម្រើសជាតិជប៉ុនបាននិយាយថា៖ “កីឡាករយើងមួយចំនួនដែលមានគ្រួសាររស់នៅកន្លែងកើតហេតុនោះ។ ពួកគេកំពុងមានក្ដីបារម្ភចំពោះគ្រួសារ ប៉ុន្តែសមាជិកក្រុមទាំងមូលបានលើកទឹកចិត្តគាត់ ហើយយើងរំពឹងថាមិនមានអ្វីប៉ះពាល់ខ្លាំងនោះទេ។ ក្នុងនាមខ្ញុំតំណាងក្រុមទាំងមូល សូមចូលរួមរំលែកទុក្ខដល់គ្រួសារដែលរងគ្រោះផង”។
នៅវេលាម៉ោង៧ល្ងាចនេះ ក្រុមជម្រើសជាតិជប៉ុន ត្រូវប្រកួតបើកឆាកដំបូងរបស់ខ្លួនហើយ ដោយប៉ះជាមួយក្រុមខ្លាំងកូឡុំប៊ី។ ជប៉ុន ធ្វើមិនសូវបានល្អទេ ក្នុងការប្រកួត៥ដងកន្លងមក ពោលគឺចាញ់៣ ស្មើ១ និងឈ្នះ១។ ប្រកួតចុងក្រោយឈ្នះក្រុមប៉ារ៉ាហ្គាយ ក្នុងលទ្ធផល ៤-២៕ប្រភព៖ Reuters