ចាន់ វឌ្ឍនាកា ​រក​គ្រាប់​បាល់ឱ្យបឹងកេត​៥​ប្រកួតចុងក្រោយ​ជាប់​ៗគ្នា​ ទាំងលីគនិងពានសម្តេច

ក្រោយការត្រឡប់មកចូលរួមជាមួយបឹងកេតវិញ ក្នុងពាក់កណ្តាលរដូវកាល ២០១៩នេះ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា រកគ្រាប់បាល់ឱ្យក្លិបគ្រប់ការប្រកួតក្នុងការបង្ហាញខ្លួនរបស់រូបគេ ទាំងក្នុងក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន លើកទី១៣ ។

នៅក្នុងប្រកួតដំបូងនៃការបង្ហាញខ្លួនរបស់ វឌ្ឍនាកា គឺ ស៊ុតចូលទីក្រុមបាល់ទាត់ខេត្តសៀមរាប ៣គ្រាប់ ( Hat-trick ) ដែលបឹងកេត ឈ្នះ ៥-០ ក្នុងជើងទី១ ខណៈដែលបន្ទាប់មក រូបគេបន្តរកគ្រាប់បាល់ក្នុងប្រកួតសប្តាហ៍ទី១៤ ទល់នឹងក្លិបភ្នំពេញក្រោន ២គ្រាប់ម្នាក់ឯង ក្នុងជំនួបស្មើគ្នា ៤ ទល់នឹង ៤។

ត្រឡប់មកប្រកួតជើងទី២ ទល់នឹង ខេត្តសៀមរាប ក្នុងវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់មសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន គឺអតីតកីឡាករស្បែកជើងមាស ២រដូវកាលជាប់គ្នា ( រដូវកាល ២០១៥ និង ២០១៦) រូបនេះ រកបាន ១គ្រាប់បន្ថែមទៀត និងជួយឱ្យបឹងកេត ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ។

នៅក្នុងការប្រកួតលីគ សប្តាហ៍ទី ១៥ និង ១៦ វឌ្ឍនាកា រកបាន ២គ្រាប់បន្ថែមទៀត ដោយក្នុងនោះជួយឱ្យបឹងកេត ឈ្នះ អគ្គិសនីកម្ពុជា ៤-០ និង ស្មើជាមួយអង្គរថាយហ្គឺរ ១-១ កាលពីសប្តាហ៍មុន។

ចំពោះកំណត់ត្រាដ៏ល្អនៃកាត្រឡប់មកវិញ ហើយអាចរកគ្រាប់បាល់គ្រប់ប្រកួតឱ្យបឹងកេត ម្ចាស់អាវលេខ ១១រូបនេះ បានបង្ហាញអារម្មណ៍ថា៖ “ ខ្ញុំរីករាយនឹងរកគ្រាប់បាល់ឱ្យក្រុម ប៉ុន្តែពេលនេះខ្ញុំចង់ឱ្យក្រុមឈ្នះច្រើនជាង ព្រោះបច្ចុប្បន្នយើងកំពុងត្រូវការពិន្ទុជាចាំបាច់បំផុត ” ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT