លោក Stanislav Cherchesov គ្រូបង្វឹកជម្រើសជាតិរុស្ស៊ី មើលឃើញថាការប្រកួតទល់ក្រុមអេហ្ស៊ីប នាយប់នេះ ដូចជាមិនមានអ្វីគួរឱ្យបារម្ភនោះទេ។
អ្នកកាសែតរុស្ស៊ី បានបង្ហាញថា Salah មិនទាន់ជាសះស្បើយ១០០%នោះទេ ដោយពួកគេបានមើលឃើញថាខ្សែប្រយុទ្ធរូបនេះ នៅមានបញ្ហាស្មានៅឡើយ ហើយអំឡុងពេលហ្វឹកហាត់នោះទៀតសោត ក៏មានមិត្តរួមក្រុមជួយពាក់អាវថែមទៀត។ ប្រភពនេះបានបន្ដទៀតថា ទោះជា Salah អាចចូលលេងនៅប្រកួតយប់នេះក៏មិនទាន់ពេញលេញនៅឡើយដែរ ត្បិតអីការដាក់ឱ្យលេងនោះនឹងប្រថុយខ្លាំងមែនទែន។
ដោយឡែកលោក Héctor Cúper គ្រូបង្វឹកក្រុមអេហ្ស៊ីប បាននិយាយដែរថាលោកសុំមិនបង្ហាញអ្វីច្រើនចំពោះការបានចូលលេងឬមិនចូលលេងរបស់ Salah ឡើយ។ ចម្លើយតែម្យ៉ាងដែលលោកអាចឆ្លើយបាននោះ គឺខ្សែប្រយុទ្ធរបស់ក្រុម Liverpool រូបនេះ មិនមានបញ្ហាអ្វីនោះទេ។
ទន្ទឹមគ្នានេះដែរ លោក Stanislav Cherchesov គ្រូបង្វឹកក្រុមជម្រើសជាតិរុស្ស៊ីបាននិយាយថា៖ “ក្រុមយើងបានរៀបចំយ៉ាងល្អ បើទោះជាមាន Salah លេងឱ្យអេហ្ស៊ីបក៏យើងមិនបារម្ភឡើយ។ យើងបានសិក្សាយ៉ាងច្បាស់ពីចំណុចខ្សោយរបស់អេហ្ស៊ីប ហើយខ្ញុំក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ សម្រាប់បញ្ឈប់ Salah”។
រុស្ស៊ីប្រសិនបើពួកគេអាចឈ្នះប្រកួតនេះទៀត នោះនឹងទទួលបានឱកាសឡើងទៅវគ្គ១៦ក្រុមចុងក្រោយហើយ។ ដោយឡែកបើអេហ្ស៊ីបចាញ់ប្រកួតនេះទៀត នោះឱកាសឡើងវគ្គបន្ដនឹងរលាយសាបសូន្យ ទោះសល់១ប្រកួតក្នុងដៃទៀតក៏ដោយ៕ប្រភព៖ DailyMail