ចាន់ សំអាត ​រៀប​រាប់​​អំពី​បទ​ពិសោធន៍​ជូរចត់​​និង​ល្អ​​ទាំង​ក្នុង​​វិស័យ​គុន​ខ្មែរ និង ​គុន​ចម្រុះ

ចាន់​ សំអាត ​​មាន​ឈ្មោះ​បោះ​សំឡេង​កាន់​តែ​ខ្លាំង​​ពេល​​ឡើង​ប្រកួត​នៅ​សង្វៀន​អន្តរជាតិ​ ONE ​មួយ​រយៈ​ចុង​ក្រោយ​នេះ។ ​​ក្នុង​នោះ​​​ សំអាត​ ​មាន​បទ​ពិសោធន៍​ជូរចត់​ និង​​ បទ​ពិសោធន៍​ល្អ​​​អំឡុង​ពេល​​ប្រឡូក​​ក្នុង​​​វិស័យ​គុន​ខ្មែរ​ និង ​គុន​ចម្រុះ​តាំង​ពី​ដើម​ដល់​បច្ចុប្បន្ន​នេះ។ ​បើ​គិត​​កំណត់​ត្រា​ប្រកួត​​គុន​ខ្មែរ​នៅ​តាម​ជាយ​ដែន​ និង ចូល​ប្រកួត​នៅ​ថៃ​ខ្លះ​ផង​​នោះ ​ចាន់​ សំអាត​ ​ប្រហែល​​ប្រកួត​បាន​ជាង​ ១០០ ​លើក​ ប៉ុន្តែ​​ កំណត់​ត្រា​​លើ​សង្វៀន​តាម​ទូរទស្សន៍​ត្រូវ​​គេ​បង្ហាញ​ត្រឹម​​ក្បែរ​ ១០០ ​​​លើក​ប៉ុណ្ណោះ។​

រឿង​ជូរចត់​លាយ​សំណាង៖

ក្រោយ​​ឳ​ពុក​ទទួល​មរណភាព​អំឡុង​ឆ្នាំ​ ២០០២​ ​បាន​បន្សល់​​ទុក​ម្ដាយ​​និង​បង​ប្អូន​​ប្រុស​ស្រី​ ៣​នាក់​គ្មាន​ទី​ពឹង​​ដូច​មុន ​រួម​ទាំង​ ​សំអាត​ ផង។ ​សំអាត ​បាន​ក្លាយ​ជា​​ក្មេង​ដើរ​លេង​គ្មាន​គោល​ដៅ​ និង ​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៧។ ​យ៉ាង​ណា​​ក្ដី ​វា​​ជា​សំណាង​​មួយ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ គឺ ​ខុន ស៊ីចាន់ ​​បាន​ណែនាំ​​ឲ្យ​រូប​គេ​ទៅ​ហាត់​ប្រដាល់​នៅ​ឆ្នាំ​ ២០០៨ ​ជា​មួយ​គ្រូ​បង្វឹក​ ឡោ វុទ្ធី ​នៅ​ក្លិប​​កងពលធំ​អន្តរាគមន៍​លេខ៣​​ខេត្ត​​ព្រះវិហារ​ បន្ទាប់​ពី ​​ស៊ីចាន់ ​បាន​ឃើញ​ សំអាត​ ឡើង​ប្រកួត​​​សប្បាយៗ​ក្នុង​កម្មវិធី​បុណ្យ​​ចូល​ឆ្នាំ​​ខ្មែរ​នៅ​វត្ត ​«ថ្លាត»​ នា​​​ស្រុក​​អន្លង់​វែង។ ​សំអាត ​​ក៏​​មាន​អនុស្សាវរីយ​ស្រក់​ទឹក​ភ្នែក​ជា​​មួយ​ ស៊ីចាន់ ​បែបនេះ​៖«​ខ្ញុំ​មិន​ច្បាស់​ឆ្នាំ​ ​​តែ​ពេល​នោះ​​​ ​​ខ្ញុំ​ប្រកួត​ដល់​២​ដង​ក្នុង​ ១ ​ថ្ងៃ​ គឺ ​ប្រដាល់​ថ្នាក់​ជាតិ​និង​ប៉ុស្តិ៍​បាយ័ន​ពេល​​ល្ងាច។ ​ពេល​ដល់​ប៉ុស្តិ៍​ ខ្ញុំ​វ៉ៃ​ចាញ់​​ព្រោះ​​​វា​អស់​ស៊ុហ្វ​​ខ្លាំង។ ​បង​ ខុន ស៊ីចាន់ ​ស្ដី​ឲ្យ​ខ្ញុំ​​ថា​ វ៉ៃ​ដូច​គ្មាន​​ចិត្ត​ស៊ូ​សោះ។ ​ខ្ញុំ​តូច​ចិត្ត​ពេល​ចុះ​លើ​រេញ​​ ហើយ​ ពេល​គាត់​ឌុប​ម៉ូតូ​​​ ខ្ញុំ​ក៏​ស្រក់​​ទឹក​ភ្នែក​បណ្ដើរ​​ពេល​​កំពុង​ជិះ​ពី​ក្រោយ​គាត់»។ ​យ៉ាង​ណា​​ក្ដី មិន​មាន​ខឹង​ក្រោធ​អ្វី​ដាក់ ​ខុន ស៊ីចាន់​ ទេ​​ព្រោះ​រៀម​ច្បង​រូប​នេះ​ជួយ​​គេ​ច្រើន​រួម​ទាំង​ការ​ទំនុក​បម្រុង​លុយ​កាក់​និង​ហូប​ចុក។ ​​ពេល​ឡើង​ប្រកួត​ដំបូង​​ឡើង​គូ​បិទ​ឆាក​ បាន​តម្លៃ​ខ្លួន ​ត្រឹម ​៨ ទៅ​ ​​១០ ​ម៉ឺន​អី​ហ្នឹង។ ​ភាគ​ច្រើន​ការ​ធ្វើ​ដំណើរ​ឡើង​ប្រកួត​ មក​ភ្នំពេញ​ ​ពី ឧត្ដរមានជ័យ គឺ ខុន​ ស៊ីចាន់ អ្នក​ជួយ​​រ៉ាប់រង។ ​​តាំង​ពី​ឆ្នាំ ​២០០៨ ​មក ដែល ​ចាន់ សំអាត​ យក​ឈ្មោះ​​ត្រកូល​ ចាន់ ​​ប៉ុន្តែ ឈ្មោះ​ដើម​ គឺ ធាន អាត។ ​នេះ​ជា​រឿង​ជូរចត់​មួយ​ដែរ ​ប៉ុន្តែ​បាន​ប្រែ​ក្លាយ​ជា​សំណាង​ និង មាន​ឈ្មោះ​បោះ​សំឡេង​ដល់​បច្ចុប្បន្ន។ ​បើ​សិន​មិន​​មាន​​ការ​តស៊ូ​បែប​នេះ​ទេ​ ម៉្លេះ​សម​មិន​អាច​ឈរ​ជើង​ដល់​សព្វ​ថ្ងៃ​ឡើយ។

យ៉ាង​ណា​​ក្ដី​​ពេល​ខ្លះ​​ក៏​ ចាន់ សំអាត ក៏​គិត​​បែប​អស់​សង្ឃឹម​ដែរ​ថា ​៖«​ពេល​ខ្លះ​ខ្ញុំ​ឡើង​វ៉ៃ​ទៅ​ វា​អស់​ពេក ​​អស់​កម្លាំង​​រលីង​តែ​ម្ដង ​អស់​ស៊ុហ្វ ​​ហើយ​ ខ្ញុំ​ចង់​តែ​ឈប់​ប្រដាល់​ម្ដងៗ​ដែរ​បង។ ​តែ​ក្នុង​ចិត្ត​ចេះ​តែ​គិត​ថា​ យើង​រៀន​បាន​តិចតួច​​ ​បើ​យើង​មិន​ខំ​ បើ​យើង​មិន​តស៊ូ​​ប្រដាល់​ទេ​ ​មិន​ចាប់​ឲ្យ​ជាប់​ទេ​ ​​វា​រឹត​តែ​លំបាក​ទៀត»។

រឿង​ល្អ​ក្នុង​វិស័យ​គុន​ចម្រុះ​៖

រឿង​ដែល​ ចាន់ សំអាត​ ចង​ចាំ​មិន​អាច​បំភ្លេច​បាន​គឺ​ វគ្គ​ជម្រុះ​ខ្សែ​ក្រវាត់​ Khmer Warrior Challenge ​​រៀប​ចំ​ដោយ​​ស្ថានីយ​ទូរទស្សន៍​ ស៊ីធីអិន​ និង MyTV ​កាល​ឆ្នាំ​ ២០១៤។ ​សំអាត​ បញ្ជាក់​​បែប​នេះ ៖«​ខ្ញុំ​ចាំ​ច្បាស់​នៅ​វគ្គ​ជម្រុះ​ខ្សែ​ក្រវាត់។ ​​កាល​នោះ​ខ្ញុំ​បែក​មុខ​បែក​មាត់​ប្រឡាក់​​ឈាម​ពេញ​ខ្លួន​ ​ប៉ុន្តែ​ខ្ញុំ​ខំ​តស៊ូ រហូត​ដល់​ចប់​ទឹក​ទី៣​​ ហើយ​​ទី​បំផុត​ខ្ញុំ​បែរ​ជា​ឈ្នះ​ទៅ​វិញ»។ ​កីឡាករ​មក​ពី​ឧត្ដរ​មាន​ជ័យ​រូប​នេះ​បាន​ត​ស៊ូ​យ៉ាង​ខ្លាំង​តាំង​ពី​វគ្គ​ប្រមូល​ផ្ដុំ​នៅ​ឆ្នាំ​ ២០១៣ ​រហូត​ដល់​ឈ្នះ​ខ្សែ​ក្រវាត់​ Khmer Warrior Challenge ​វគ្គ​៣​ នៅ​ឆ្នាំ​ ២០១៤ ​​ក្នុង​នាម​ជា​កីឡាករ​ចូល​​ជំនួស​កីឡាករ​ម្នាក់​ដែល​រត់​ចោល​ជួរ​អំឡុង​ពេល​ប្រមូល​​ផ្ដុំ។ ​​​កីឡាករ​ដែល​មាន​ឈ្មោះ​ដើម​ ធាន អាត​ ​​រូប​នេះ​បាន​បន្ត​មក​ហ្វឹកហាត់​ទាំង​គុន​ខ្មែរ និង គុន​ចម្រុះ​នៅ​ក្លិប ​ Cambodian Top Team ​​តាំង​ពី​ឆ្នាំ ២០១៤​ ដល់​​បច្ចុប្បន្ន​បន្ទាប់​ពី​ស្គាល់​គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ។
នេះ​ក៏​ចាត់​ទុក​ថា​ជា​រឿង​ល្អ​មួយ​ដែរ​សម្រាប់​​កីឡាករ​វ័យ​ ២៦ ឆ្នាំ​រូប​នេះ។ ​ព្រោះ​កីឡាករ​ជា​ច្រើន​បាន​លាក​ចាក​ពី​សង្វៀន​ ដោយ​ផ្អែក​លើ​បញ្ហា​ជីវភាព ឬ មាន​ប្រពន្ធ​កូន។ ​ចាន់ សំអាត ​រៀប​ការ​តាំង​ពី​ឆ្នាំ​ ២០១២​ ជា​មួយ​​ប្រពន្ធ​ឈ្មោះ ​ប្រពន្ធ​ ​សាន្ត ឆេងហួង និង​ ​បង្កើត​បាន​ចំណង​ដៃ​​​កូន​ប្រុស​ស្រី​ចំនួន​២​​នាក់។ ​ទោះ​មាន​ប្រពន្ធ​ ក៏​ សំអាត​ មាន​ការ​តាំង​ចិត្ត​​ល្អ ​និង​ ​មាន​ឈ្មោះ​ចេញ​ទៅ​ប្រកួត​នៅ​សង្វៀន​​អន្តរជាតិ​ នៅ​ប្រទេស​ថៃ និង​ ​សង្វៀន​លំដាប់​ពិភព​លោក ONE ជា​បន្ត​បន្ត​បន្ទាប់។ ​ចាន់ សំអាត​ ​ឡើង​ប្រកួត​លើ​សង្វៀន​គុន​ចម្រុះ​​​អន្តរជាតិ​បាន​ចំនួន ៥ ដង៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT