Rivaldo ថាក្លឹប FC Barcelona នឹងកាន់តែខ្លាំងថែមទៀតនៅតំបន់ប្រយុទ្ធ ក្រោយពីបានខ្សែប្រយុទ្ធ Griezmann មករួមក្រុមសម្រាប់រដូវកាលថ្មីខាងមុខនេះ។
Griezmann បានមករួមក្រុម Barcelona ក្នុងតម្លៃខ្លួន១០៨លានផោនពីក្រុម Atletico Madrid ។ វត្តមានរបស់កីឡាករបារាំងអមជាមួយខ្សែបម្រើ De Jong ពីក្រុម Ajax មកនេះ បានធ្វើឱ្យ Rivaldo អតីតកីឡាករ Barcelona ដែរនោះ យល់ឃើញថាក្រុមអ្នកមានបុណ្យនឹងកាន់តែខ្លាំងឡើង១កម្រិតទៀតសម្រាប់ការប្រជែងពានរង្វាន់នារដូវកាលខាងមុខនេះ។
វីរបុរសប្រេស៊ីលខាងលើបាននិយាយថា៖ “ច្បាស់ណាស់រដូវកាលក្រោយ Barcelona នឹងលើកពាន UEFA Champions League ឬយ៉ាងហោចក៏ដល់វគ្គផ្ដាច់ព្រ័ត្រដែរ។ Griezmann ជាខ្សែប្រយុទ្ធល្អម្នាក់ ដែលគ្រប់គ្នាបានស្គាល់។ គាត់តែងតែជួយក្រុមគ្រប់ស្ថានការណ៍ ហើយវត្តមានរបស់គាត់នឹងធ្វើឱ្យក្រុមកាន់តែល្អថែមទៀត”៕ប្រភព៖ Marca