Patrice Evra បាននិយាយថាខ្លួនធ្លាប់ទៅផ្ទះរបស់ Cristiano Ronaldo ប៉ុន្តែមិនមានអ្វីសប្បាយនោះទេ ព្រោះផ្ទះរបស់គេមានតែកន្លែងហ្វឹកហាត់ ហាត់គ្រប់ពេល ហាត់ដូចជាមនុស្សយន្ដទៅហើយ។
Evra ជាអតីតមិត្តរួមក្រុមរបស់ Ronaldo អំឡុងពេលលេងនៅក្លឹប Manchester United ជាមួយគ្នា។ ខ្សែការពារឆ្វេងរូបនេះ បង្ហើបថាខ្សែប្រយុទ្ធរបស់ព័រទុយហ្គាល់ មានការខំប្រឹងប្រែងខ្លាំងណាស់ រូបគេមិនដែលយកពេលទំនេរអត់ប្រយោជន៍ឡើយ ពោលគឺតែងតែហ្វឹកហាត់ជានិច្ច។ ចំណែកឯក្នុងផ្ទះវិញ កន្លែងណាក៏ជាកន្លែងមានឧបករណ៍ហាត់ប្រាណដែរ។
“ខ្ញុំសូមផ្ដល់ដំបូន្មានដល់អ្នករាល់គ្នា ពេលដែល Cristiano អញ្ជើញអ្នកទៅផ្ទះរបស់គាត់ សម្រាប់ញ៉ាំអាហារពេលល្ងាចនោះ សូមនិយាយថា ទេ ទៅ។ គ្មានអ្វីសប្បាយនោះទេ ផ្ទះគាត់មានតែកន្លែងហ្វឹកហាត់ ហើយអាហារពេលល្ងាចវិញ មានតែសាឡាត និងសាច់មាន់ ហើយមានតែទឹកសុទ្ធប៉ុណ្ណោះ។ គ្មានទេ ស្រា សម្រាប់អាហារពេលល្ងាច”។ សម្ដីរបស់ Evra ។
បុរសវ័យ៣៧ឆ្នាំបានបញ្ជាក់បន្ថែមទៀតថា Ronaldo ជាកីឡាករខំប្រឹងប្រែងណាស់ ដូច្នេះហើយបានជារូបគេជោគជ័យរហូតដល់បច្ចុប្បន្ននេះ។ រូបរាងរបស់គេ ពិតជាសក្ដិសមសម្រាប់ធ្វើជាកីឡាករកំពូលសម្រាប់ប៉ុន្មានឆ្នាំខាងមុខទៀត ៕ប្រភព៖ DailyMail