ក្លឹប Paris Saint-Germain ត្រូវបានរាយការណ៍ថាបដិសេធលើសំណើនៃកញ្ចប់ថវិកាប្រមាណ ៤០ លានអឺរ៉ូ បូកការបន្ថែម Philippe Coutinho និង Ivan Rakitic ចេញពីក្លឹប FC Barcelona ក្នុងការទាមទារយក Neymar ត្រលប់មកអេស្ប៉ាញ។
អ្នកចាត់ការក្លឹបបារាំងលោក Thomas Tuchel បានបញ្ជាក់កាលពីថ្ងៃអង្គារ៍យ៉ាងជាក់ច្បាស់ថាកីឡាករប្រេស៊ីលពិតជាចង់ចាកចេញពីក្រុមឈ្នះជើងឯក Ligue 1 និងមានបំណងវិលត្រលប់ទៅ Camp Nou ពិតមែន។ យោងតាម L’Equipe បានសង្កត់ធ្ងន់ថាសំណើដែលអ្នកមានបុណ្យបានទម្លាក់មកចុងក្រោយបង្អស់នេះ គឺក្លឹបសេដ្ឋីបារាំងបានច្រានចោលហើយ។
រឿងរ៉ាវចាក់ស្រេះរបស់ម្ចាស់ដី Camp Nou សម្រាប់ Philippe Coutinho គឺនៅតែបន្តមានភាគរយខ្ពស់សម្រាប់ការចាកចេញនាទីផ្សារដោះដូររដូវក្តៅ ខណៈ Ivan Rakitic ត្រូវបានគេជឿថាពិបាកនឹងប្រជែងតំណែងជម្រើស ១១ នាក់ដំបូងជាមួយតារាឆ្នើមវ័យក្មេង Frenkie de Jong បែបនេះហើយជម្រើសនៃការលក់ចេញកីឡាករទាំងពីរអាចជាការពិចារណាដ៏សមស្របមួយ។
បញ្ជាក់ថាសម្រាប់ទីផ្សារដោះដូរនៅ Ligue 1 បានបើកតាំងពីថ្ងៃទី ១១ មិថុនា ហើយសម្រេចបញ្ចប់ទៅវិញត្រឹមថ្ងៃទី ២ កញ្ញា ដែលនេះជាពេលវេលាសម្រាប់ក្លឹបយក្សអេស្ប៉ាញត្រូវពិចារណាឲ្យបានម៉ត់ចត់បំផុត ជាជាងការបន្លាយពេលកាន់តែយូរ។ ប្រភព៖Marca




