Spurs ​ចាប់​ផ្ដើម​ចាប់​អារម្មណ៍ Bale ​ចង់​ឱ្យ Real Madrid ​៥០​លាន​អឺរ៉ូ​

​ក្រុម Spurs ​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​នាំ​យក​ខ្សែ​ប្រយុទ្ធ Gareth Bale ​ត្រលប់​មក​រួម​ក្រុម​វិញ ​ដោយ​ចង់​ផ្ដល់​តម្លៃ​៥០​ទៅ​៦០​លាន​អឺរ៉ូ​ទៅ​ឱ្យ Real Madrid ។

Bale ​ត្រូវ​បាន​ក្រុម Real Madrid ​ដាក់​លក់​តាំង​ពី​បើក​រដូវ​កាល​ដោះដូរ​កីឡាករ​មក ប៉ុន្តែ​មិន​មាន​ក្លឹប​ណា​ចង់​ទិញ​យក​ឡើយ ​ក្រៅ​ពី​ក្លឹប​នៅ​ចិន​ដែល​ចង់​យក Bale ​ទៅ​។ ខណៈ​ដែល​ការ​គ្មាន​ក្លឹប​ចង់​ទិញ​នេះ គឺ​មក​ពី​តម្លៃ​ខ្លួន​របស់​គេ​អាច​ខ្ពស់ ​ហើយ​ប្រាក់​ពលកម្ម​ប្រចាំ​សប្ដាហ៍​វិញ​រឹត​តែ​ខ្ពស់​ថែម​ទៀត។

យ៉ាងណាមិញ ​ក្រុម Spurs ​ដែល​ជា​ក្លឹប​ចាស់​របស់​គេ​បាន​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​លើ​ការ​នាំ​យក​កីឡាករ​ខ្លួន​ត្រលប់​ទៅ​វិញ​ហើយ។ កាល​ពី​ដើម​រដូវ​កាល​ដោះដូរ​កីឡាករ ​ក្រុម​នៅ​អង់គ្លេស​នេះ​ចង់​បាន Bale ​ម្ដង​ហើយ តែ​គ្រា​នោះ​ចង់​បាន​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ប៉ុណ្ណោះ។ ការ​ចង់​បាន​លើក​ទី​២​នេះ គឺ​ពួកគេ​បាន​ផ្ដល់​តម្លៃ​ខ្លួន​ឱ្យ​ទៅ Real Madrid ​តែ​ម្ដង ដោយ​អាច​ត្រឹម​៥០​ទៅ​៦០​លាន​អឺរ៉ូ។

អ្វី​ដែល​នៅ​តែ​ជា​ឧបសគ្គ​សម្រាប់ Spurs ​ក្នុង​ការ​នាំ​យក Bale ​គឺ​តម្លៃ​ពលកម្ម​របស់​គេ​តែ​ម្ដង។ នៅ Real Madrid ​កីឡាករ​វែល​រូប​នេះ ​ទទួល​បាន​១៧​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ ខណៈ​ដែល​ការ​ចង់​បាន​របស់ Spurs ​នោះ គឺ​អាច​ឱ្យ​ត្រឹម​ពាក់​កណ្ដាល​នេះ​ប៉ុណ្ណោះ៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT