ស៊ុំ វណ្ណា៖ ស៊ុតចូលយុវជនបាទីដល់ទៅ១២គ្រាប់ ហួសពីក្តីរំពឹងឆ្ងាយ

លោក​ ស៊ុំ វណ្ណា គ្រូបង្វឹកបណ្តោះអាសន្នក្លិប ភ្នំពេញក្រោន បានបង្ហាញនូ​វចំណាប់អារម្មណ៍ជុំវិញការប្រកួតយកឈ្នះ យុវជនសាលាបាល់ទាត់ជាតិបាទី ១២ទល់១ នៅលើកីឡដ្ឋាន Smart RSN កាលពីថ្ងៃអាទិត្យកន្លងទៅ ។

លទ្ធផលល្អប្រពៃបែបនេះជាមួយគ្រាប់បាល់ដល់ទៅ១២គ្រាប់ ត្រូវបានលោក វណ្ណា ថាជាលទ្ធផលមិនបានរំពឹងទុកដោយសារគិតថាក្រសោបយក៣ពិន្ទុ និងការឈ្នះ២ ទៅ៣គ្រាប់ ។

« និយាយរួមយើងគិតថាយើងយក៣ពិន្ទុពីពួកគាត់ដោយសង្ឃឹម៧០ភាគរយ ហើយសម្រាប់គ្រាប់បាល់វិញយើងរំពឹងត្រឹមតែ ២ រឺ៣គ្រាប់ ។ ប៉ុន្តែស្ថានភាពជាក់ស្តែងនៅលើទីលានដោយវគ្គទី១យើងធ្វើមិនបានល្អ និងបានធ្វើការផ្លាស់ប្តូរយុទ្ធសាស្ត្រនៅវគ្គទី២ ដោយប្រើប្រាស់ការពារ៣ បម្រើ៤​ និងប្រយុទ្ធ៣ ដោយព្យាយាមបញ្ចូនបាល់ច្រើន និងព្យាយាមបង្កើតឱកាសច្រើន » ។

ទន្ទឹមហ្នឹងនោះលោកក៏បង្ហាញពីចំណុចវិជ្ជមានលើការផ្លាស់​ប្តូរកីឡាករខ្មែរ និងបរទេស នៅតំបន់ខាងលើដោយលើកឡើងថា៖ «ជាក់ស្តែងសម្រាប់រយៈពេលមួយសប្តាហ៍នេះក្រុមរបស់យើងត្រៀមទាំងលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន អញ្ចឹងយើងមិនបានប្រើប្រាស់កីឡាករពេញទាំងអស់បានទោះបីទទួលបានលទ្ធផលល្អបែបនេះ ។ វាមានចំណុចវិជ្ជមានច្រើនជាងអវិជ្ជមានដូចកាលលេងជាមួយ បឹងកេត យើងមានបញ្ហាច្រើននៅតំបន់កណ្តាលដោយត្រូវការបម្រែបម្រួលច្រើនទៅតាមស្ថានភាពការប្រកួត ហើយនេះក៏ជាកំហុសរបស់ខ្ញុំ ។ សង្ឃឹមថាការប្រកួតក្រោយទៀតយើងនឹងកែប្រែអោយមានស្ថានភាពល្អរវាងការបម្លាស់ទីក្នុងការការពារ និងប្រយុទ្ធ » ។

លោកគ្រូក៏បានបន្ថែមទៀតថា៖​ « សម្រាប់កីឡាករខ្មែរយើងខ្វះនៅបទពិសោធន៍ដើម្បីលេងចាប់ដៃគូជាមួយកីឡាករបរទេសដូចជា ប្រាក់ ធីវ៉ា គាត់អាចធ្វើបាន និងមួយចំនួនទៀតទើបតែប្រហែលបាន៦០ភាគរយដោយត្រូវពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ។ នេះក៏ជាចំណុចល្អមួយដែរសម្រាប់ធ្វើការផ្លាស់ប្តូរជាមួយរវាងកីឡាករខ្មែរ និងបរទេស ដើម្បីទុកត្រៀមលេងពានរង្វាន់សម្តេចតេជោ ហ៊ុន​ សែន » ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT