“Messi ដើរ​ចេញ​ពី Barca ហើយ​ផ្លាស់ចូល​ក្រុម​នេះ​មក បើ​ចង់​លេង​ជាមួយ​មិត្ត​រួម​ជម្រើស​ជាតិ”

ត្បិត Antoine Griezmann ទើប​តែ​មក​ចូលរួម​ជាមួយ Barcelona ជា​ផ្លូវការ ប៉ុន្តែ​ក្រឡេក​ទៅ​បេក្ខភាព​មួយ​រូប​ទៀត​គឺ Lautaro Martinez របស់​អាហ្សង់ទីន​ក៏​ល្ហិចល្ហៀង​នៅ​តែ​ស្ថិត​ជា​រ៉ាដា​ដ៏​សំខាន់​មួយ​ដែល Barcelona ចង់​បាន។

ជជែក​ជុំវិញ​រឿងរ៉ាវ​នេះ ភ្នាក់ងារ​របស់ Martinez ​លោក Beto Yaque បាន​និយាយ​ទាំង​អស់​សំណើច​ថា៖ “ប្រសិន Messi ចង់​លេង​ជាមួយ Martinez អ៊ីចឹង​ទៅ​ចូលរួម​ជាមួយ​គាត់​នៅ Inter Milan ទៅ បែប​នេះ​វា​ពិត​ជា​អស្ចារ្យ​ដែល Inter អាច​ធ្វើ​ឲ្យ​រឿង​នោះ​កើត​ទៅ​បាន”។

លោក​បន្ត​ថា៖ “ការ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​កីឡាករ​កំពូល​វា​ជា​រឿង​ដ៏​ល្អ ប៉ុន្តែ​ពេល​នេះ​គឺ Lautaro គិត​តែ​ពី Inter និង​កំពុង​រីករាយ​នៅ​ទី​នេះ ​ហើយ​ក៏​មាន​តែ​ចចាមអារ៉ាម​ប៉ុណ្ណោះ ដោយ​មិន​មាន​នរណា​នៅ Barcelona ទាក់ទង​មក​ខ្ញុំ​ឡើយ”។

បញ្ជាក់​ថា Martinez បាន​រីកចម្រើ​យ៉ាង​ឆាប់​រហ័ស​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​យុវជន​វ័យ ២១ ឆ្នាំ​បាន​ក្លាយ​ជា​ជម្រើស​ខ្សែ​ប្រយុទ្ធ​មិន​អាច​ខ្វះ​បាន​របស់ Inter ​និង​នៅ Copa America ក៏​បាន​ជាប់​ជម្រើស​ដំបូង​ក្រោម​ការ​ដឹកនាំ​របស់​លោក Lionel Scaloni ផង​ដែរ។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT