Coutinho ត្រៀមបោះបង់អាវលេខ ៧ ក្រោយ Griezmann មកចូលរួមនៅ Barca

រឿងរ៉ាវ​របស់ Antoine Griezmann បានឈានមកដល់ទីបញ្ចប់ ក្រោយពេលក្លឹប FC Barcelona បាន​ប្រកាសនៅយប់ថ្ងៃសុក្រកន្លងទៅ ពីកិច្ចព្រមព្រៀងនាំយករូបគេមកចូលរួមនៅ Camp Nou ជាមួយកុងត្រារយៈពេល ៥ ឆ្នាំ។

ការបង្ហាញ​ខ្លួន​របស់​តារា​ឆ្នើម​សញ្ជាតិ​បារាំង​អាច​នឹង​ធ្វើ​ទៅ​បាន​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ប៉ុន្តែ​អ្វី​ដែល​បាន​កក់​រួច​ជា​ស្រេច​នោះ គឺ​លេខ​អាវ​របស់ Philippe Coutinho ​ដែល​ជា​អាវ​លេខ ៧ ​នឹង​ត្រូវ​ផ្តល់​ជូន​ខ្សែ​ប្រយុទ្ធ​រូប​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អេស្ប៉ាញ AS។

ចំណែក​ឯ​អនាគត​របស់ Coutinho ​គឺ​មាន​ពីរ​គោលដៅ​ដែល​អាច​ធ្វើ​ទៅ​បាន មាន​មួយ​នៅ Liverpool ​ជា​ក្លឹប​ចាស់​របស់​ខ្លួន និង​ទី​ពីរ​គឺ​ទៅ​ចូលរួម​នៅ Paris Saint-Germain នេះ​ក្នុង​លក្ខខណ្ឌ​ដែល​ Neymar រំពឹង​ត្រលប់​មក​ Camp Nou វិញ។

បញ្ជាក់​ថា​អាវ​លេខ ៧ នៅ​អ្នក​មាន​បុណ្យ​កន្លង​មក​ធ្លាប់​បាន​ប្រើប្រាស់​ដោយ​តារា​ឆ្នើម​ជា​ច្រើន​ដូច​ជា Laszlo Kubala, Pep Guardiola, Luis Figo និង David Villa។ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT