U15 កម្ពុជា ចាញ់ចិន ៧-០ ក្នុងជំនួបសមជើង មុនប៉ះគ្នាម្តងទៀតស្អែក​នេះ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ បានប្រកួតចាញ់ក្រុម U15 ចិន ដោយលទ្ធផល ៧-០ កាលពីម្សិលមិញនៅកីឡដ្ឋាន Smart RSN។ ក្រុមទាំង២ នឹងប៉ះគ្នាម្តងទៀត នាថ្ងៃស្អែកនេះ ដើ​ម្បីតេស្តិ៍សមត្ថភាពជាលើកទី២។

នេះជាផ្នែកមួយនៃការរៀបចំរបស់គ្រូបង្វឹក ដើម្បីត្រៀមព្រឹត្តិការណ៍ AFF U15 ដែលនឹងចូលមកដល់នាពេលឆាប់ៗនេះ។ ចំពោះលទ្ធផលវិញ ពុំចោទជាបញ្ហាឡើយ ត្បិតចិនមានធនធានច្រើនក្នុងការអភិវឌ្ឍយុវជនរបស់គេ។ ដូច្នេះពួកគេត្រូវតែមានកម្រិតខ្ពស់ជាងក្រុមនៅតំបន់អាស៊ាន។ មុនមកប៉ះកម្ពុជា ពួកគេក៏បំបាក់ម៉ាឡេស៊ី ២-០ ផងដែរ កាលពីខែមុន។

ក្រុមជម្រើសជាតិយុវជនកម្ពុជាបច្ចុប្បន្នមានការប្រែប្រួលច្រើន ដោយមានចម្រុះក្លិបនិងយុវជនបាទី។ កាលពីមុន ភាគច្រើនចេញពីបាទី ដោយសារក្លិបពុំទាន់មានយុវជនថ្នាលច្រើន។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT