UEFA ​បង្កើន​ប្រាក់​រង្វាន់​ដល់​ជាង​២​ពាន់​លាន​ដុល្លារ ​សម្រាប់​ការ​ប្រកួត​រដូវ​កាល​ក្រោយ​

សហព័ន្ធ​បាល់ទាត់ UEFA ​បាន​បង្កើន​ប្រាក់​រង្វាន់​រហូត​ដល់​២.៣​ពាន់​លាន​ផោន (ជិត​៣​ពាន់​លាន​ដុល្លារ) សម្រាប់​ការ​ប្រកួត​ក្របខណ្ឌ UEFA Champions League ​និង UEFA Europa League ​រដូវ​កាល​ក្រោយ។

ប្រាក់​រង្វាន់​ទាំង​អស់​នេះ គឺ​ត្រូវ​ទទួល​បាន​សម្រាប់​ក្រុម​ទាំង​អស់​ដែល​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ទាំង​ពីរ​ខាង​លើ។ ដោយ​មាន​ការ​បែងចែក​តាំង​ពី​វគ្គ​ជម្រុះ​ដំបូង រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។ ប្រាក់​រង្វាន់​ខាង​លើ​នេះ គឺ​ត្រូវ​បាន​ខាង UEFA ​តំឡើង​៦០០​លាន​ផោន ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ចាស់។ ដូច្នេះ​ក្រុម​ដែល​ចូល​លេង​នា​ឆ្នាំ​នេះ ​នឹង​ទទួល​បាន​ប្រាក់​ច្រើន​ជាង​ឆ្នាំ​មុន។

ជា​ឧទាហរណ៍​សម្រាប់​ក្រុម​ទាំង​៣២​ដែល​បាន​ចូល​លេង​ពាន UEFA Champions League ​មាន​ប្រាក់​១៣​លាន​ផោន​រួច​ជា​ស្រេច​សម្រាប់​ក្រុម​នីមួយ​ៗ។ ហើយ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​នេះ ​ពួកគេ​នឹង​ទទួល​បាន ២,៤​លាន​ផោន​សម្រាប់​ឈ្នះ ​ហើយ​បើ​ស្មើ​បាន​៨​សែន​ផោន ​ចាញ់​អត់​បាន​ទេ។ ក្រុម​បាន​ឡើង​ដល់​វគ្គ​១៦​ក្រុម ​នឹង​បាន​៨,៥​លាន​ផោន​បន្ថែម​ទៀត ​ហើយ​ចូល​ដល់​៨​ក្រុម​បាន ៩,៤​លាន​ផោន​បន្ថែម។ ចូល​ដល់​៤​ក្រុម ​នឹង​បាន ១០,៨​លាន​ផោន ​ហើយ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន ១៣,៥​លាន​ផោន។ សម្រាប់​ក្រុម​ឈ្នះ​នឹង​ទទួល​បាន Bonus ​បន្ថែម​៣​លាន​ផោន​ទៀត។ សរុប​ទៅ ​ឆ្នាំ​នេះ ​បើ​ក្រុម​ណា​ឈ្នះ ​អាច​បាន​ដល់​ជាង​១០០​លាន​ផោន​ឯ​ណោះ​សម្រាប់​ជើង​ឯក៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT