ខ្សែប្រយុទ្ធ Harry Kane រកបាន២គ្រាប់ក្នុងជ័យជម្នះរបស់អង់គ្លេសលើក្រុមទុយណេស៊ី ២-១ កាលពីយប់មិញនេះ ក្នុងការប្រកួតដំបូងនៅ World Cup 2018 នាប្រទេសរុស្ស៊ី។
អង់គ្លេស ចូលលេងដោយមានទំនុកចិត្តបំផុតនាប្រកួតដំបូងរបស់ពួកគេនេះ។ Kane, Dele Alli, Lingard និង Sterling សុទ្ធតែជាកីឡាករវ័យក្មេងរបស់អង់គ្លេស ហើយលេងបានយ៉ាងល្អនៅតំបន់ប្រយុទ្ធ ដែលធ្វើឱ្យខ្សែការពារទុយណេស៊ី ពិបាកក្នុងការបិទមែនទែន។ យ៉ាងណាមិញ ការព្យាយាមវាយសម្រុកនេះមិនអត់ប្រយោជន៍ឡើយ ពោលគឺត្រឹមនាទី ១១ ប្រធានក្រុម Kane អាចរកបាន១គ្រាប់ទៅហើយ។ តែគួរឱ្យសោកស្ដាយ ជិតចប់ការប្រកួតនៅតង់ទី១ទៅហើយនោះ Ferjan Sassi បែរជារកបាន១គ្រាប់តាមស្មើវិញ ឱ្យក្រុមទុយណេស៊ីបាន។
ក្រោយពីស្មើគ្នានេះហើយ ចូលដល់តង់ទី២ភ្លាម ក្រុមអង់គ្លេស ចាប់ផ្ដើមបើកការវាយសម្រុកបន្ថែមទៀតហើយ ដើម្បីស្វែងរកគ្រាប់បាល់នាំមុខជាថ្មី។ ការសម្រុកនេះ ត្រូវរង់ចាំរហូតដល់នាទីថែមឯណោះ ទើបអាចបាន១គ្រាប់ ដែលជាគ្រាប់បាល់ជ័យជម្នះបាន។ ១គ្រាប់នោះធ្វើបានដោយកីឡាករ Harry Kane ដដែល។
ឈ្នះបាន៣ពិន្ទុនេះ អង់គ្លេសឈរនៅចំណាត់ថ្នាក់លេខ២ក្នុងតារាង ដោយចាញ់ក្រុមលេខ១ បែលហ្សិក ព្រោះពួកគេមានគ្រាប់បាល់ចំណេញលើស២គ្រាប់៕ប្រភព៖ DailyMail