Privat ប្រាប់ពីមូលហេតុដែលអាចជួយគេឲ្យរកគ្រាប់ច្រើនក្នុង ១០ប្រកួត ឲ្យអាស៊ីអឺរ៉ុប

ថ្លែងប្រាប់ក្រុមការងារ CTS Sport កាលពីព្រឹកថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៨ នេះ ខ្សែប្រយុទ្ធរបស់ក្លិប អាស៊ីអឺរ៉ុប កីឡាករ Privat Mbarga បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយចំពោះការរកគ្រាប់បាល់បានស្ទើររាល់ការប្រកួត និងជួយឲ្យក្រុមឈ្នះផងដែរ ។

Privat « អារម្មណ៍ខ្ញុំដូចមនុស្សគ្រប់គ្នាដែរ គឺមានអារម្មណ៍ថាសប្បាយចិត្ត » ។ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា រូបនេះនិយាយក្រោយស៊ុតចូលពីរគ្រាប់ ជួយអាស៊ីអឺរ៉ុប វាយបកយកឈ្នះព្រះខ័នរាជស្វាយរៀង ២-១ កាលពីថ្ងៃសៅរ៍កន្លងទៅ ។

បេក្ខភាពកំពូលតារាង Top Scorers រូបនេះបន្តថា « អ្នកដឹងទេ ថាខ្ញុំជឿជាក់លើព្រះជាម្ចាស់ ដែលអាចធ្វើឲ្យខ្ញុំសម្រេចអ្វីគ្រប់យ៉ាងបាន ព្រោះថាគាត់នៅជាមួយខ្ញុំ ។ ហើយខ្ញុំបានខំប្រឹងធ្វើវាបានល្អ ក៏ដូចជាមិត្តរួមក្រុមដែលតែងតែជួយជ្រោមជ្រែងខ្ញុំ ។ គ្រូបង្វឹកខ្ញុំ តែងតែនិយាយមកកាន់ខ្ញុំ ហើយធ្វើឲ្យខ្ញុំមានកម្លាំងចិត្តពិសេសបែបនេះ » ។

និយាយអំពីទីផ្សារដោះដូរកីឡាករសម្រាប់ជើងទីពីវិញ Privat បានបញ្ជាក់ថា ប្រសិនបើមានក្លិបណាមួយទាក់ទងគាត់ទៅលេងក្នុងជើងទីពីរ គឺវាអាស្រ័យទៅលើស្ថានភាព ហើយថាតើក្លិបរបស់គាតយល់ព្រមឲ្យគាត់ទៅឬទេ ។

គួរបញ្ជាក់ថា ត្រឹម ១០សប្តាហ៍ក្នុងលីគកំពូលរដូវកាលថ្មីនេះ Privat រកបាន ១៥គ្រាប់ ដោយស៊ុតចូលក្នុង ៨ប្រកួត ដែលជួយឲ្យអាស៊ីអឺរ៉ុប ស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ក្នុងលីគឈរពីលើ ភ្នំពេញក្រោន ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT