លាក់បាំង​អី Ancelotti ពិត​ជា​ចង់​ឃើញ​វត្តមាន​កីឡាករ​រូប​នេះ​នៅ Napoli ​នា​រដូវ​កាល​ក្រោយ

លោកCarlo Ancelotti អ្នកចាត់ការ​នៅ​ក្លឹប Napoli បាន​និយាយ​ដោយ​ត្រង់ ថា​ខ្លួន​ពិត​ជា​មាន​ក្តី​សង្ឃឹម​ចង់​ឃើញ​វត្តមាន​របស់ James Rodriguez មក​ចូលរួម​នៅ​ទឹក​ដី Stadio San Paolo ​នា​រដូវ​កាល​ក្រោយ ២០១៩/២០។

តារា​ឆ្នើម​សញ្ជាតិ​កូឡុំប៊ី​កំពុង​មាន​អនាគត​មិន​ប្រាកដប្រជា បន្ទាប់​ពី​ចប់​កុងត្រា​ខ្ចី​ជើង​ជាមួយ​ក្លឹប Bayern Munich ​ដែល​រួមរស់​អស់​រយៈ​ពេល ២ ឆ្នាំ​ក្រោម​ឈ្មោះ​របស់​អាណាព្យាបាល Real Madrid។ លុះ​ត្រលប់​មក​ទឹក​ដី​អេស្ប៉ាញ​វិញ កីឡាករ​វ័យ ២៧ ឆ្នាំ​ហាក់​គ្មាន​តំណែង​លេង ដែល​ធ្វើ​ឲ្យ​មាន​ភាព​ច្រួលច្របល់​និង​កំពុង​ពិចារណា​ក្នុង​ការ​ផ្លាស់​ទៅ​ចូលរួម​នៅ​ទ្រនំ​ថ្មី​ណា​មួយ។

ជជែក​ជុំវិញ​រឿងរ៉ាវ​របស់​ James លោក Ancelotti ក៏​និយាយ​ដោយ​ត្រង់​ថា៖ “ខ្ញុំ​មិន​ដឹង​ថា​គាត់​នឹង​មក​ឬ​អត់​ទេ តែ​ខ្ញុំ​សង្ឃឹម​ថា​វា​អាច​នឹង​ទៅ​រួច ដោយ​ខ្ញុំ​ស្គាល់ James ច្បាស់ គេ​អាច​លេង​នៅ​បម្រើ​គ្រប់​តំណែង​ទាំង​អស់ ដោយ​ខ្ញុំ​ក៏​ធ្លាប់​ប្រើ​គាត់​នៅ​ស្លាប​ឆ្វេង​ជា​កីឡាករ​លេខ ១០ ឬ​ស្លាប​ស្តាំ​ផង​ដែរ”។

លោក​បន្ត​ថា៖ “រឿង​តំណែង​របស់​គាត់​លើ​ទីលាន​មិន​ជា​បញ្ហា​ទេ ព្រោះ​គាត់​អាច​បត់បែន​បាន ហើយ​អាច​លេង​នៅ​តំណែង​ច្រើន”។ ក្លឹប Napoli ​កំពុង​មាន​របាយការណ៍​ថា​ចង់​ខ្ចី​ជើង ត្បិត​អី Madrid ​មាន​អារម្មណ៍​ចង់​លក់​ដាច់​នូវ​តម្លៃ​ខ្លួន ៤២ លាន​អឺរ៉ូ។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT