កីឡាករ ២៨នាក់ ត្រូវបានកោះហៅចូលហ្វឹកហាត់ U-18 កម្ពុជា ដំណាក់កាលទី១

យុវជនអាយុក្រោម១៨ឆ្នាំ ចំនួន ២៨រូបពីក្លឹបចំនួន៨ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កោះហៅចូលរួមហ្វឹកហាត់ជាមួយឈុតចុងក្រោយ ដំណាក់កាលទី១ ដើម្បីក្លាយជាជម្រើសជាតិ U18 កម្ពុជា ត្រៀមព្រឹត្តិការណ៍ AFF U18 នៅប្រទេសវៀតណាម។

យោងតាមលិខិតដែលសហព័ន្ធបានជូនដំណឹងដល់ក្លឹប បានបញ្ជាក់ស្នើសុំយុវជនពីក្លឹបចំនួន ៨នៃលីគកំពូលកម្ពុជា ជាថ្មីម្ដងទៀតដើម្បីធ្វើតេស្តសមត្ថភាពត្រៀមប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ ( AFF U-18 Championship 2019 ) ដែលធ្វើឡើងនៅប្រទេសវៀតណាម នាខែសីហា ខាងមុខរួមមាន យុវជនសាលាបាល់ទាត់បាទី, ព្រះខ័នរាជស្វាយរៀង, បឹងកេត, ណាហ្គាវើលដ៍, វិសាខា, អគ្គិសនីកម្ពុជា, អគ្គស្នងការដ្ឋាននគរបាលជាតិ និងភ្នំពេញក្រោន សរុបចំនួន២៨នាក់។

តាមគម្រោងការធ្វើតេស្តឈុតចុងក្រោយ ដំណាក់កាលទី១ នឹងធ្វើឡើងនៅថ្ងៃទី០៩ ស្អែកនេះ បន្ទាប់មកនៅថ្ងៃទី១៦ និងចុងក្រោយថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ ភ្នំពេញផ្ទាល់តែម្ដង ក្រោមការដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនថ្មី លោក Gyotoku Koji ហើយនឹងធ្វើការជម្រុះមកនៅត្រឹម២៣នាក់ប៉ុណ្ណោះ ដើម្បីហោះឡើងទៅប្រទេសវៀតណាម នៅដើមខែសីហា។

គួររំលឹកថា នៅពានរង្វាន់យុវជនអាយុក្រោម១៩ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-19 Championship 2019 ) កម្ពុជា ស្ថិតនៅពូល B ជាមួយក្រុមខ្លាំងៗដូចជា U-19 ថៃ , ម៉ាឡេស៊ី , វៀតណាម , សិង្ហបុរី និងអូស្ត្រាលី ដោយការប្រកួតចាប់ផ្ដើមពីថ្ងៃទី០៥ ខែសីហា ហើយនឹងបញ្ចប់នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅប្រទេសវៀតណាម៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT