UEFA ចេញ​បកស្រាយ​ភ្លាមៗ រឿង​ផ្តល់​កៅអី​ឲ្យ​អាហ្សង់ទីន​លេង​នៅ Nations League

ក្រោយ​មាន​ភាព​សោះកក្រោះ​រវាង​សមាគម​បាល់ទាត់ CONMEBOL និង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ក៏​ស្រាប់​តែ​លេច​ចេញ​ព័ត៌មាន​មួយ​កាល​ពី​ល្ងាច​ម្សិលមិញ​ដែល​ថា​ UEFA ​បាន​កោះ​អញ្ជើញ​និង​ផ្តល់​សិទ្ធ​ឲ្យ​អាហ្សង់ទីន​អាច​មក​ចូលរួម​នៅ​ការ​ប្រកួត Nations League ​ប្រសិន​ពួក​គេ​ព្រម​ដក​ឈ្មោះ​ចេញ​ពី​ប្រកួត​នៅ Copa America។

បែបណាមិញ​តាម​ការ​បញ្ជាក់​ដោយ​ផ្ទាល់​របស់​សមាគម​បាល់ទាត់​អឺរ៉ុប UEFA ​បាន​ច្រាន​ចោល​ព័ត៌មាន​មិន​ពិត​មួយ​នេះ ហើយ​សង្កត់​ធ្ងន់​ថា​ពុំ​មាន​ការ​ផ្តល់​កៅអី​សម្រាប់​ប្រទេស​មាន​មូលដ្ឋាន​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​មួយ​នេះ​ទេ។

ក្នុង​សេចក្តីថ្លែងការណ៍​ផ្លូវការ​បាន​ចុះ​ផ្សាយ​ថា៖ “ពុំ​មែន​ជា​ការ​ពិត​នោះ​ទេ​ដែល​មាន​ការ​លើក​ឡើង​ថា​អាហ្សង់ទីន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ចូលរួម​ការ​ប្រកួត​របស់ UEFA ឬ​ក្លាយ​ជា​សមាជិក​ណា​មួយ​របស់ UEFA ដោយ​ UEFA ពុំ​ធ្លាប់​បាន​ចូលរួម​ពិភាក្សា​លើ​រឿងរ៉ាវ​នៃ​បញ្ហា​ទាំង​នេះ​ឡើយ”។

ក្នុង​នោះ​បន្ត៖ “យ៉ាងណាមិញ​ក្នុង​ស្មារតី​មិត្តភាព ​យើង​ក៏​នឹង​អញ្ជើញ​អាហ្សង់ទីន​ជា​ភ្ញៀវ​ពិសេស​សម្រាប់​ការ​ចូល​ទស្សនា​នៅ​ការ​ប្រកួត​គ្រប់​ពេល​ណា​ទាំង​អស់​របស់ UEFA បាន”។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT