Edgar ប្រាប់​ឲ្យ Ronaldo និង Juve ធ្វើ​រឿង​មួយ​នេះ​សិន បើ​ចង់​ក្លាយ​ជា​ក្លឹប​ល្អ​ដាច់​គេ​ក្នុង​លោក

វីរបុរស​ជើង​ចាស់ Edgar Davids ​បាន​ទម្លាយ​នូវ​ការ​យល់​ឃើញ​មួយ​ចំនួន​ថា​តារា​ឆ្នើម Cristiano Ronaldo និង​ក្លឹប​យក្ស Juventus ​អាច​មាន​ឱកាស​ក្លាយ​ជា​ក្លឹប​ល្អ​ដាច់​គេ​ក្នុង​លោក​នា​ពេល​បច្ចុប្បន្ន ប្រសិន​ណា​អាច​ឈ្នះ Champions League នា​រដូវ​កាល​ក្រោយ។

រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​សេះ​បង្កង់​ជោគជ័យ​ត្រឹម​ពាន​ក្នុង​ស្រុក ប៉ុន្តែ​ពាន​នៅ​តំបន់​អឺរ៉ុប​គឺ​បាន​ត្រឹម​ប្រផុតប្រផើយ គ្មាន​ឱកាស​ឆក់​យក​ជើង​ឯក​នឹង​គេ​នោះ​ឡើយ។ មាន​ការ​ចោទ​សួរ​តើ Ronaldo ​និង​មិត្ត​រួម​ក្រុម​ជា​ជំនាន់​កីឡាករ​ល្អ​បំផុត​នៅ Turin ​ដែរ​ឬ​ទេ? Davids បាន​ឆ្លើយ​កាត់៖ “តើ Ronaldo បាន​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ហើយ​ឬ​នៅ? ពិត​ណាស់​គឺ​អត់​ទេ តែ​ខ្ញុំ​គិត​ថា​ឆ្នាំ​ក្រោយ​ពួក​គេ​អាច​ធ្វើ​បាន”។

លោក​សង្កត់​ធ្ងន់៖ “ប្រសិន​អ្នក​ចង់​ល្អ​បំផុត​ដាច់​គេ ចាំ​បាច់​ត្រូវ​ក្តោបក្តាប់​យក​ក្តី​ស្រមៃ​នោះ​ឲ្យ​បាន​សិន”។ បញ្ជាក់​ថា​កាល​ពី​រដូវ​កាល ២០១៨/១៩ សេះ​បង្កង់​បាន​បាត់បង់​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ បន្ទាប់​ពី​បរាជ៏យ​ក្រោម​ថ្វី​ជើង Ajax ​នៅ​លទ្ធផល ៣-២។

នា​រដូវ​កាល​បន្ទាប់​នឹង​ជា​ក្តី​សង្ឃឹម​ថ្មី ដោយ​មាន​ការ​សហការ​រវាង​អ្នកចាត់ការ​ថ្មី​លោក Maurizio Sarri ដែល​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ចូលរួម​តតាំង​រដូវ​កាល​ថ្មី​ជាមួយ Juventus ក្នុង​គោលដៅ​ធ្វើ​ឲ្យ​បាន​នូវ​ពាក្យ​សន្យា​ថា​នឹង​ជួយ​ឲ្យ Ronaldo អាច​រក​បាន​លើស​ពី ៣០ គ្រាប់​ក្នុង​លីគ​នា​ឆ្នាំ​ក្រោយ​នេះ។ ប្រភព៖ FoxSportAsia​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT