Kane ៖ ​ខ្ញុំ​ពិត​ជា​អន្ទះសា​បង្ហាញ​សមត្ថភាព​ឱ្យ​ពិភពលោក​បាន​ឃើញ

Harry Kane ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​បញ្ជាក់​ថា​ខ្លួន​ពិត​ជា​អន្ទះសា​ចង់​លេង​នៅ​ព្រឹត្តិការណ៍ World Cup 2018 ​នេះ​ខ្លាំង​ណាស់ ដើម្បី បង្ហាញ​សមត្ថភាព​ឱ្យ​ពិភព​លោក​បាន​ឃើញ។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស នឹង​ត្រូវ​លេង​ត​ទល់​ជាមួយ​ក្រុម​ទុយណេស៊ី ​នា​ម៉ោង​១​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ការប្រកួត​ដំបូង​របស់​ពួកគេ​នៅ World Cup ​ប្រទេស​រុស្ស៊ី។ ​Kane ​ជា​កីឡាករ​សំខាន់​របស់​អង់គ្លេស ​ក៏​ដូចជា​ម៉ាស៊ីន​រក​គ្រាប់​បាល់​ម្នាក់​ផង​ដែរ។ ការ​ប៉ះ​ជាមួយ​ទុយណេស៊ី​នេះ ​អង់គ្លេស​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​នឹង​អាច​យក​ជ័យជម្នះ​បាន ត្បិត​អី​ពួកគេ​ធ្វើ​បាន​ល្អ​តាំង​ពី​ក្នុង​ពូល ​ក៏​ដូចជា​ប្រកួត​មិត្តភាព​កន្លង​មក។

Kane ​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​របស់​អង់គ្លេស​បាន​និយាយ​ថា​៖ “​៤​ឆ្នាំ​មុន ​ខ្ញុំ​មើល World Cup ​នៅ​ផ្ទះ ​ខ្ញុំ​លេង​បាន​តិច​ណាស់​នៅ​លីគ​អង់គ្លេស ក្រោម​ការ​ដឹក​នាំ​របស់​លោក Tim Sherwood ។ ក្រោយ​ពី​លោក Pochettino ​ចូល​មក​ដឹក​នាំ​ក្រុម Spurs ​ខ្ញុំ​ក៏​មាន​ឱកាស​លេង​ច្រើន រហូត​ដល់​ជាប់​ជម្រើស​ជាតិ​នេះ។ នេះ​ជា​ឱកាស​ល្អ​បំផុត​សម្រាប់​ខ្ញុំ ​ដើម្បី​បង្ហាញ​ឱ្យ​ពិភពលោក​ស្គាល់ និង​យក​ជ័យជម្នះ​ឱ្យ​អង់គ្លេស”។

ក្រុម​តោ​កំណាច​អង់គ្លេស ​រង​ភាព​អាម៉ាស់​២​ដង​មក​ហើយ ​នៅ World Cup 2014 ​និង​នៅ Euro 2016 ។ ដូច្នេះ​ហើយ World Cup ​ឆ្នាំ​នេះ នឹង​ជា​ឱកាស​ល្អ​មួយ​សម្រាប់​ក្រុម​មួយ​នេះ ​ដើម្បី​ស្ដា​មុខមាត់​ឡើង​វិញ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT