Gary Medel កីឡាករឈីលី ដែលបានកាតក្រហមជាមួយ Messi នោះ បានបញ្ជាក់ថាពួកគេទាំងពីរនាក់មិនសមបានកាតក្រហមឡើយ ទោះលឿងក៏មិនសមដែរ។
ក្នុងការប្រកួតដណ្ដើមយកលេខ៣ ពានរង្វាន់ Copa America ក្រុមអាហ្សង់ទីន បានយកឈ្នះលើក្រុមឈីលី ២-១។ ក្នុងការប្រកួតនោះ មានកីឡាករ២នាក់បានកាតក្រហម គឺ Lionel Messi ប្រធានក្រុមអាហ្សង់ទីន និងកីឡាករ Medel របស់ឈីលី។ ពួកគេបានកាតក្រហម ក្រោយពីមានការប៉ះទង្គិចគ្នាតិចតួចអំឡុងការប្រកួតនាទី៣៧។

ការបានកាតក្រហមនេះ បានធ្វើឱ្យ Medel ហួសចិត្ត និងនិយាយក្រោយចប់ការប្រកួតនោះថា៖ “ខ្ញុំយល់ស្របដូច Messi ដែរ។ ខ្ញុំមិនគិតថាយើងបានកាតឡើយ សូម្បីតែកាតលឿង ចំពោះការប៉ះទង្គិចគ្នានេះ។ វាមិនមានអ្វីធ្ងន់ធ្ងរទេ អាជ្ញាកណ្ដាលគួរតែព្រមានបានហើយ មិនគួរផ្ដល់ដល់កាតក្រហមឡើយ”។
Messi បើទោះបានលេខ៣មែន ប៉ុន្តែមិនព្រមឡើងទទួលមេដាយឡើយ។ រូបគេបានបញ្ជាក់ថាអាជ្ញាកណ្ដាលការព្រឹត្តិការណ៍នេះលំអៀងមិនយុត្តិធម៌។ ដូច្នេះហើយ ទើបរូបគេមិនព្រមចូលរួមជាមួយអំពើពុករលួសឡើយ៕ប្រភព៖ Dailymail