ភាពជូរចត់ និង រឿងរំភើបរបស់ មាស ម៉ើ នៅលើសង្វៀន ONE និងក្នុងពិភពក្បាច់គុនចម្រុះដែលចងចាំមិនភ្លេច

អ្នកលេងគុនចម្រុះ មាស ម៉ើ ដែលជាម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ២បានបង្ហើបអំពីរឿងរ៉ាវជូរចត់ជាច្រើន និង រឿងរ៉ាវរំភើបខ្លាំង ដែលរូបគេចងចាំនៅក្នុងចិត្ត បន្ទាប់ពីបានប្រឡូកក្នុងសង្វៀនគុនចម្រុះថ្នាក់ជាតិនិងអន្តរជាតិតាំងពីឆ្នាំ ២០១៣ មក។

កីឡាករមានបទពិសោធន៍ក្រាស់ក្រែលនៅសង្វៀនគុនចម្រុះវ័យ ២៩ ឆ្នាំរូបនេះបង្ហើបថា ៖”រឿងខ្ញុំមិនអាចបំភ្លេចបាន ពេលទៅវ៉ៃនៅសង្វៀន ONE លើកដំបូង ពេលចាញ់កីឡាករម្ចាស់ផ្ទះហ្វីលីពីន Edward Kelly ក្នុងទឹកទី១។ ខ្ញុំដឹងថា Edward Kelly ពូកែកណ្ដាប់ដៃ និង ទាត់ ដូច្នេះខ្ញុំព្យាយាមចូលចាប់។ តែចៃដន្យមិនប្រយ័ត្ន ក៏ត្រូវ Edward Kelly ទាត់ខ្ញុំចំក្បាលសន្លប់តែម្ដងត្រឹមទឹកទី១។ នេះជាការធ្វេសប្រហែសដែលចាំមិនភ្លេច”។

រីឯរឿងឈឺចាប់មួយទៀតដែលចង់បំភ្លេចនៅតែបំភ្លេចមិនកើតនោះគឺ គ្រូបង្វឹកម្នាក់មានបំណងមិនល្អ និង ចង់លក់ការប្រកួតរបស់ មាស ម៉ើ នៅស្រុកខ្មែរ។ យ៉ាងណាក្ដី មាស ម៉ើ មិនគុំកួនអ្វីទេគ្រាន់តែបញ្ជាក់បែបនេះ៖”រឿងហ្នឹងយូរហើយ ហើយក៏ចប់ដែរ។ ខ្ញុំមិនរំលឹកអ្វីច្រើនទេ ប៉ុន្តែមានគ្រូម្នាក់ចង់លក់ការប្រកួតរបស់ខ្ញុំ។ សម្រាប់ខ្ញុំ ខ្ញុំមិនអាចធ្វើបែបនេះបានឡើយ។ ចុងក្រោយខ្ញុំក៏លែងមានទំនាក់ទំនងជាមួយគាត់ទៅ”។

ចំណែករឿងរ៉ាវដែលរំភើបបំផុតនៅក្នុងជីវិតវិញត្រូវបានកីឡាករមកពីស្រុកបារាយណ៍ខេត្តកំពង់ធំរំលឹកអំពីការទទួលបានប្រាក់រង្វាន់៣ពាន់ដុល្លារអាមេរិក ពេលឈ្នះខ្សែក្រវាត់។ មាស ម៉ើ បង្ហាញភាពរីករាយបែបនេះ ៖”ពេលខ្ញុំឈ្នះខ្សែក្រវាត់ Khmer Warrior Challenge ពីស្ថានីយទូរទស្សន៍ MyTV និងទទួលបាន ៣ ពាន់ដុល្លារវាពិតជាមានន័យខ្លាំងសម្រាប់ជីវិត។ ខ្ញុំរំភើបខ្លាំង ដែលមិននឹកស្មានក្នុងជីវិត ខ្ញុំទទួលបានបែបនេះ។ វាជាលើកដំបូងខ្ញុំស្គាល់លុយ ៣ ពាន់ដុល្លារ”។ ម្ចាស់ខ្សែក្រវាត់ KWC វគ្គ២ ទម្ងន់ ៦៥ គីឡូក្រាមរូបនេះពិពណ៌នាទៀតថា មុនឈ្នះខ្សែក្រវាត់ គេគ្រាន់តែជាសន្តិសុខនៅក្រុមហ៊ុនឯកជនមួយដែលទទួលប្រាក់តិចតួចប៉ុណ្ណោះហើយពេលបើកប្រាក់ខែម្ដងៗ សល់ត្រឹម២០ដុល្លារដោយសារត្រូវទិញសម្ភារសម្រាប់ការងារ និង កាត់ខោអាវជាដើម។

មាស ម៉ើ ផ្អាកឡើងសង្វៀន និង ហ្វឹកហាត់តាំងពីចុងខែ វិច្ឆិកា ឆ្នាំ ២០១៨មកម៉្លេះ បន្ទាប់ពីចាញ់កីឡាករហុល្លង់ Anthony Engelen នៅសង្វៀន ONE: HEART OF THE LION នាប្រទេសសិង្ហបុរី។ បច្ចុប្បន្ននេះ គេប្រកបរបរចិញ្ចឹមជីវិត ដោយរត់តាក់ស៊ី (ឡានទួរីស ១២ កៅអី) ទៅមកភ្នំពេញ-កំពង់ធំ។ ការដែលផ្អាកហ្វឹកហាត់ និង ឡើងសង្វៀននេះដោយសារមានបន្ទុកគ្រួសារ ត្រូវការចំណាយប្រចាំថ្ងៃ ព្រោះមានប្រពន្ធ និង កូនរហូតដល់ ៣ នាក់នៅក្នុងបន្ទុក។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT