ជើងខ្លាំងដែនដីបាត់ដំបង កែវ រំចង់ នឹងត្រូវស្វាគមន៍ដៃគូចាស់ ដែលមានប្រវត្តិប្រកួតជូរចត់ជាមួយគ្នាកន្លងមក គឺ តារាថៃហ្វៃ IQUEZANG នៅសង្វៀនឯកភ្នំ នាថ្ងៃទី២៨ ខែកក្កដា ២០១៩ ខាងមុខនេះ។

កែវ រំចង់ ធ្លាប់ប៉ះអ្នកលេងគុនថៃ IQUEZANG នេះ២ដងរួចមកហើយ។ លើកទី១នៅប្រទេសវៀតណាម កែវ រំចង់ ចាញ់ពិន្ទុ ខណៈលើកទី២ កែវ រំចង់ ឈ្នះពិន្ទុ IQUEZANG វិញនៅឯប្រទេសថៃ។
នេះជាប្រកួតមួយដ៏តានតឹង ត្បិតពួកគេសុទ្ធតែជាអតីតជើងខ្លាំងលំដាប់ប្រទេសរៀងខ្លួន។ អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រចង់ទស្សនាទៅទៀត គឺពួកគេមានវ័យកាន់តែជ្រេណាស់ទៅហើយ។ ដូច្នេះភាពឌឺដងនៅលើទីលាន នៅតែជាអ្វីដែលពួកគេចង់ឃើញ។
នៅសង្វៀនក្នុងស្រុក រំចង់ ទើបតែចត់បាយ ក្រោយត្រូវថៃវាយឲ្យបោះបង់ការប្រកួតដោយសាររបួសបែក នៅប៉ុស្តិ៍បាយ័ន។ ចំណែកខាងថៃ ចុងក្រោយគឺបានត្រឹមស្មើកីឡាករភូមា។
