ក្លឹបយក្សបារាំង Paris Saint-Germain បានបញ្ជាក់ជាផ្លូវការមុននេះបន្តិចជុំវិញការចុះហត្ថលេខានាំយកខ្សែបម្រើ Ander Herrera ដែលជាអតីតកីឡាកររបស់ក្លឹបបិសាចក្រហម Man Utd ទើបចាកចេញនាចុងរដូវកាល ២០១៨/១៩។
ស្ថិតលើកុងត្រារយៈពេល ៥ ឆ្នាំ ដោយសុំមិនទាន់បង្ហើបពីតម្លៃខ្លួន កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានគេរំពឹងជាយូរណាស់មកហើយជុំវិញការផ្លាស់មកចូលរួមនៅទ្រនំនៃទីក្រុងប៉ារីស បន្ទាប់ពីបដិសេធមិនបន្តកុងត្រាថ្មីជាមួយម្ចាស់ដី Old Trafford។
សាមីខ្លួន Herrera បាននិយាយថា៖ “Paris Saint-Germain គឺជាក្លឹបល្អដាច់គេនៅបារាំង ហើយក៏នៅតែបន្តពង្រឹងនិងប្រកួតប្រជែងដើម្បីឈ្នះគ្រប់យ៉ាង ហើយខ្ញុំក៏សង្ឃឹមនឹងអាចជួយបង្កើតប្រវត្តិសាស្រ្តដល់ក្លឹបផងដែរ“។
រំឭកថាការមកដល់របស់ Herrera នឹងជាការជួយពង្រឹងបន្ថែមនៅតំបន់កណ្តាលលើទីលានសម្រាប់ក្រុមម្ចាស់ជើងឯក Ligue 1 បន្ទាប់ពីការចាកចេញឥតតម្លៃខ្លួនដូចគ្នារបស់ Adrien Rabiot ទើបតែសម្រេចទៅបានកាលពីថ្ងៃម្សិលមិញ។ ប្រភព៖ SkySport