មាស ម៉ើ ៖«​ទោះ​​ខ្ញុំ​​រត់​តាក់ស៊ី​ ​ខ្ញុំ​នៅ​តែ​ស្រលាញ់​​គុន​ចម្រុះ​ ​និង ​សង្ឃឹម​​ទទួល​ការងារ​ធ្វើ​ទៅ​ថ្ងៃ​មុខ»

«​​​បច្ចុប្បន្ន​​​​​នេះ​ខ្ញុំ​ជាប់​រវល់​បង។ ​ខ្ញុំ​​រត់​​ឡាន​​​ទួរីស​​ ១២ ​កៅ​អី​​​ដឹក​ភ្ញៀវ​ទៅ​មក​ ​ភ្នំពេញ​​ និង​ កំពង់​ធំ ដែល​ជា​ឡាន​​ផ្ទាល់​ខ្លួន។ ដូច្នេះ​​ខ្ញុំ​សម្រេច​ចិត្ត​ផ្អាក​​ហាត់​ និង ឡើង​សង្វៀន​សិន​​ដើម្បី​​រក​លុយ​​ចិញ្ចឹម​ប្រពន្ធ​​និង​កូន​ដល់​ ៣នាក់​ក្នុង​បន្ទុក ​ម្នាក់​ ៩​ឆ្នាំ ​​៣​ឆ្នាំ និង ១​ខួប។ ​ប៉ុន្តែ​ក្ដី​រំពឹង​ ខ្ញុំ​មិន​បោះ​បង់​​គុន​ចម្រុះ​ទេ ​នៅ​តែ​ចង់​ធ្វើ​ការ​​ផ្នែក​ក្បាច់​គុន​នេះ»​។ ​នេះ​ជា​ការ​ថ្លែង​ប្រាប់​ឲ្យ​ដឹង​​របស់​ មាស ​ម៉ើ​ ​ម្ចាស់​ខ្សែ​ក្រវាត់​​​ Khmer Warrior Challenge ​​វគ្គ​​២ ​និង ​ជា​កីឡាករ​មាន​បទ​​ពិសោធន៍​ក្រាស់​ក្រែល​​នៅ​សង្វៀន​គុន​ចម្រុះ​​​នៅ​ប្រទេស​ថៃ​រួម​ទាំង​ការ​​ប្រកួត​លើ​សង្វៀន​អន្តរជាតិ ONE Championship។

មាស ម៉ើ​ ខក​ខាន​ឡើង​សង្វៀន​ ​និង​ ហ្វឹកហាត់​តាំង​ពី​ចុង​​ខែ​ វិច្ឆិកា​ ឆ្នាំ ២០១៨​មក​ម៉្លេះ​ ​បន្ទាប់​ពី​ចាញ់​កីឡាករ​ហុល្លង់​ Anthony Engelen ​នៅ​សង្វៀន​ ONE: HEART OF THE LION ​នា​ប្រទេស​សិង្ហបុរី។​ កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​រៀប​​រាប់​ទៀត​ថា​ ៖«​សម្រាប់​គុន​ចម្រុះ​នៅ​តែ​មាន​តម្លៃ​​សម្រាប់​ខ្ញុំ​ ខ្ញុំ​ស្រលាញ់។ បើ​មិន​ស្រលាញ់​មិន​ខំ​ហាត់​និង​ចេញ​​ទៅ​ប្រកួត​អន្តរជាតិ​​ហូរហែ​នោះ​ទេ។ ​ប៉ុន្តែ​​តម្រូវ​ការ​ជីវភាព​ប្រចាំ​ថ្ងៃ​ទើប​​ផ្អាក​សិន។ ​​​​ពេល​នៅ​​ខ្លួន​​មួយ​​ផ្សេង​ ដល់​មាន​ប្រពន្ធ​កូន​ផ្សេង។​ ​​ពេល​យើង​ហាត់​ត្រូវ​​ប៉ូវ​ម្ហូប​​​ហូប​ចុក ​និង សំងំ​ហ្វឹកហាត់​​ដែល​ត្រូវ​ប្រើ​លុយ​ចាយ​ ប៉ុន្តែ​មិន​សូវ​មាន​ទីផ្សារ​វ៉ៃ​ក្នុង​ស្រុក ហើយ​​វ៉ៃ​នៅ​ក្រៅ​យូរៗ​ម្ដង។ ​បើ​ខ្ញុំ​នៅ​​ខ្លួន​មួយ​ដូច​មុន​ គឺ​មិន​បញ្ហា​ទេ»។ យ៉ាង​ណា​ក្ដី​ ​​កីឡាករ​ជំនាញ​​ក្បាច់​បាត​យូដូ​រូប​នេះ​បាន​ឆ្លៀត​ពេល​ទំនេរ​​ហាត់​ដើម្បី​សម្រក​គីឡូ​​បន្ទាប់​ពី​​រត់​ឡាន។ ​ពេល​អត់​បាន​ហ្វឹក​ហាត់​ និង ​អត់​បាន​ឡើង​រេញ ​ទម្ងន់​​​​របស់ មាស ម៉ើ​ ឡើង​ដល់​ ​៨២ ​គីឡូ​​ក្រាម​ ប៉ុន្តែ​​ឥឡូវ​​បុក​ហាត់​ស្រក​មក​ត្រឹម​ ​៧៣ គីឡូក្រាម​នា​ពេល​​ថ្មីៗ​នេះ។​

ពេល​សួរ​ថា​ តើ​ការ​ហាត់​ខ្លួន​ឯង​នេះ​​ដើម្បី​​ត្រៀម​ឡើង​សង្វៀន​វិញ​ឬ​យ៉ាង​ណា? ​​​​មាស ម៉ើ​ ​ឆ្លើយ​ថា​ ៖«ខ្ញុំ​ហាត់​គ្រាន់​តែ​​ត្រៀមៗ​ ​ហើយ​មិន​ទាន់​ហ៊ាន​ថា​ទេ។​ ​កន្លង​ទៅ​ថ្មីៗ​នេះ​​ គ្រូ​ហ៊ុន​ ច័ន្ទរាជ្យ​ ​​​ចង់​បាន​ខ្ញុំ​​ឡើង​វ៉ៃ​ដែរ ​ប៉ុន្តែ​ខ្ញុំ​បដិសេធ។ ​​​​​រឿង​លុយ​ខ្ញុំ​ក៏​ចង់​បាន​ដែរ​ ប៉ុន្តែ​​ខ្ញុំ​ក៏​​ចង់​ឈ្នះ​និង​កិត្តិយស​​​ដែរ។ ​​​ខ្ញុំ​​អត់​មាន​ពេល​ហ្វឹកហាត់​គ្រប់គ្រាន់​ខ្ញុំ​មិន​ទទួល​ទេ។ ​ព្រោះ​បើ​ទទួល​ ​ត្រូវ​ផ្អាក​រត់​ឡាន​ដែល​រក​កម្រៃ​​បាន​ប្រចាំ​ថ្ងៃ»។ ​អតីត​​កូន​សិស្ស​លោក​​ ឡាច វុទ្ធី​ ​គូស​បញ្ជាក់​​ថា​ កម្រៃ​​​ដែល​​រក​​​បាន​​ប្រចាំ​ថ្ងៃ​ពី​ការ​រត់​ឡាន​ អាច​ផ្គត់ផ្គង់​​គ្រួសារ​តូច​របស់​ខ្លួន​បាន​ ​និង អាច​បោះ​រំលស់​ធនាគារ​ខ្លះ​​បន្ទាប់​ពី​​យក​​​លុយ​គេ​ខ្លះ​ទិញ​ឡាន​រត់។

​យ៉ាង​ណា​ក្ដី​ ​កីឡាករ​ដែល​ប្រឡូក​​​លើ​សង្វៀន​គុន​ចម្រុះ​តាំង​ឆ្នាំ​ ២០១៣ ​​រូប​នេះ​​​​បង្ហើប​អំពី​គម្រោង​​​ដែល​អាច​វិល​វិញ​ក្នុង​វិស័យ​គុន​ចម្រុះ​ទៅ​ថ្ងៃ​មុខ​​ថា​​ បើ​សិន​​ការងារ​​ក្បាច់​គុន​ចម្រុះ​​​នេះ​​អាច​ជួយ​ជ្រោមជ្រែង​ និង​ ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន​ គឺ​រូប​គេ​​អាច​នឹង​ធ្វើ។ ​ជើង​ខ្លាំង​យូដូ​​ដដែល​នេះ​​សង្កត់​ធ្ងន់​​បែប​នេះ៖«​ខ្ញុំ​រៀន​បាន​តិច​ ស្អី​ក៏​មិន​ចេះ​ ​ប៉ុន្តែ​​មាន​តែ​ជំនាញ​​ក្បាច់​​​គុន​នេះ​មួយ​គត់។ ​ខ្ញុំ​ស្រលាញ់​ ខ្ញុំ​នៅ​តែ​ចង់​ធ្វើ។ ​អនាគត​ចង់​ក្លាយ​អ្នក​ជួយ​បង្វឹក ឬ ​ជា​​គ្រូ​បង្វឹក​បើ​មាន​​ឱកាស»។

គួរ​ដឹង​ថា​ មាស​ ម៉ើ​ ​​មាន​ស្រុក​កំណើត​នៅ​​ស្រុក​បារាយណ៍​​ខេត្ត​កំពង់​ធំ​ ហើយ​គេ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​​គុន​​ចម្រុះ​ Khmer Warrior Challenge វគ្គ​២ ​​ក្នុង​ប្រភេទ​ទម្ងន់​ ​៦៥ គីឡូក្រាម​ ដែល​រៀប​​ឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍​ ស៊ីធីន និង MyTV។ មាស ម៉ើ​ ដែល​មាន​ជំនាញ​​យូដូ​ បាន​ចូល​​ហ្វឹកហាត់​រួម​គ្នា​ ស្នាក់​នៅ​រួម​គ្នា ក្នុង​ជំរំ​ហ្វឹកហាត់​​​កាល​ឆ្នាំ ២០១៣។ ​អ្នក​លេង​គុន​ចម្រុះ​វ័យ​ ២៩ ​ឆ្នាំ​រូប​នេះ​ ​ប្រឡូក​​លើ​សង្វៀន​គុន​ចម្រុះ​​ទាំង​ក្នុង​ស្រុក និង ឆាក​អន្តរជាតិ​ចំនួន ៨ ដង​​ក្នុង​នោះ​ឈ្នះ​ ៥ ដង​ និង ចាញ់​ ៣។ ​បរាជ័យ​​ទាំង​ ៣ ដង​នោះ គឺ ​​ចាញ់​នៅ​សង្វៀន​ ONE ​ទាំង​ ៣ ដង​ជាប់​គ្នា ​នៅ​ឆ្នាំ​ ២០១៨។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT