ជ័យជម្នះដ៏មិនគួរឲ្យជឿរបស់ជើងខ្លាំងកម្ពុជា ឃីម ឌីម៉ា បានក្លាយជាប្រធានបទដ៏ក្តៅគគុកលើបណ្តាញសង្គម។ សូម្បីតែ Mauythaitv ដែលជាស្ថាប័នពត៌មានប្រដាល់ដ៏ធំប្រចាំប្រទេសបារាំង ក៏បានចុះផ្សាយអត្ថបទមួយ ដែលនិយាយថា ស្នងការប្រកួត បានប្តូរលទ្ធផលពី Brandon ទៅឲ្យ ឃីម ឌីម៉ា ជាអ្នកឈ្នះទៅវិញ។
បន្ទាប់ពីការតស៊ូពេញ៥ទឹក Mauythaitv ទម្លាយថា ចៅក្រមម្នាក់ឲ្យ Brandon ឈ្នះ ម្នាក់ទៀតឲ្យ ឌីម៉ាឈ្នះ និងចៅក្រមទី៣សម្រេចឲ្យស្មើ។ ដូច្នេះជ័យជម្នះ ត្រូវស្ថិតលើស្នងការប្រកួតជាអ្នកសម្រេច។
ដំបូងឡើយ អ្នករៀបចំការប្រកួត បានប្រាប់ទៅពិធីករថាកីឡាករបារាំង Brandon ជាអ្នកឈ្នះ។ ប៉ុន្តែជិតប្រកាសទៅហើយ ស្នងការដដែល បានហៅពិធីករមកប្តូរវិញដោយបង្គាប់ឲ្យប្រកាសថា ជ័យជម្នះបានលើអ្នកប្រដាល់កម្ពុជា។
ចំពោះ ឌីម៉ា ផ្ទាល់ ហាក់គ្មានទំនុកចិត្តឈ្នះទាល់តែសោះ។ ពេញការប្រកួត គេចេញបានច្រើន ប៉ុន្តែប្លែកត្រង់អស់ខ្លាំងមែនទែន។ នៅចុងទឹក គេបើកមុខឲ្យបារាំងវាយស្ទើរតែសន្លប់ម្តងៗ។ប្រភព៖ Fr.muaythaitv