ក្លិបជើងឯកលីគកំពូលកម្ពុជា៦សម័យ ភ្នំពេញក្រោន ត្រូវបានរំពឹងថានឹងបង្កព្យុះភ្លៀងកាន់តែខ្លាំងនៅលីគកំពូលកម្ពុជាជើងទី២ បន្ទាប់ពីមានកំណែទម្រង់ក្លិបទ្រង់ទ្រាយធំ នៅចុងបញ្ចប់នៃជើងទី១នេះ។
CTS-Sports សូមលើកយក ហេតុផលមួយចំនួនដែលគិតថា ក្រុមដែលដឹកនាំដោយលោក ស៊ុំ វណ្ណា នឹងកាន់តែខ្លាំងនៅជើងទី២៖
-វត្តមានកីឡាបរទេសមានគុណភាព៖ នៅ៥ប្រកួតចុងក្រោយ ភ្នំពេញក្រោន ពុំមានបរទេសពេញជើងលេងទេ។ ក្នុងនោះមានតែខ្សែប្រយុទ្ធ Paulo Victor មួយគត់ដែលបង្ហាញខ្លួនជាប្រចាំ ប៉ុន្តែយ៉ាងណាពួកគេនៅតែធ្វើបានល្អ។ នៅជុំទី២នេះ ការមកដល់នៃខ្សែបម្រើជម្រើសជាតិអាហា្គហ្វនីស្ថាន Mustafa Zazai , Booysen, Dzama Bata នឹងធ្វើឲ្យពួកគេកាន់តែខ្លាំង ពិសេសនៅតំបន់ប្រយុទ្ធ។
-កីឡាករខ្មែរ កាន់តែមានឆន្ទៈ៖ ក្រោយភ្លៀងមេឃតែងស្រឡះ។ ក្រោយការចាកចេញរបស់ Leonardo កីឡាករទាំងអស់ហាក់ព្យាយាមយកជ័យជម្នះទ្វេដង។ នេះក៏ជាផ្នែកមួយដែលជួយឲ្យពួកគេជោគជ័យ ដោយមានលោក ស៊ុំ វណ្ណា ជាអ្នកកាច់ចង្កូត។ ក្រៅពីនេះ កីឡាករល្អៗមួយចំនួនដូចជា ប៉ូលីន សំណាង ជួន ចាន់ចាវ សុទ្ធតែបន្តកុងត្រាថ្មីរហូតដល់ឆ្នាំ២០២២។
-ក្រុមគូប្រជែងកំពុងជួបវិបត្តិ៖ ភ្នំពេញក្រោន នឹងត្រូវប្រជែងជាមួយក្រុម បឹងកេត វិសាខា និងអង្គរថៃហ្គឺ ដើម្បីស្រវ៉ាកៅអី Top 4 សិនមុននឹងគិតទៅរកជើងឯក។ គិតត្រឹមជើងទី១នេះ បឹងកេត ហាក់កាត់កោច្រើន ដូចជាភ្លាត់ចាញ់អគ្គិសនីជាដើម។ ពួកគេក៏នឹងប្តូរសមាសភាពកីឡាករបរទេសមួយចំនួនដែរ ប៉ុន្តែមិនទាន់ប្រកាសជាផ្លូវការ។ ចំណែក វិសាខា ក៏កំពុងរុះរើក្រុមការងារគ្រូបង្វឹក ដោយចែកផ្លូវគ្នាជាមួយលោក ហុក សុជីវន្ត។ ក្នុងគ្រានេះ កីឡាករបរទេសរបស់វិសាខាក៏មិនល្អខ្លាំងណាស់ណាដែរ។ ចំពោះ អង្គរថៃហ្គឺ វិញ ក៏បានផ្លាស់ប្តូរកីឡាករបរទេសដូចគ្នា ដើម្បីជំនួសខ្សែបម្រើជំនាញ Set Piece ជប៉ុនដែលបានចាកចេញ។ ថៃហ្គឺ ខ្លាំងស្ទើរគ្មានគូប្រៀបក្នុងដី ប៉ុន្តែការលេងក្រៅដីពុំល្អណាស់ណាឡើយ ដោយភាគច្រើនស្មើ និងចាញ់ភ្នំពេញក្រោន។
-The RED ប្រមូលគ្នាលើកទឹកចិត្តកាន់តែច្រើន៖ ភ្នំពេញក្រោន ជាក្លិបសំបូរអ្នកគាំទ្រច្រើនជាងគេ ជំនាន់លើកពាន ប៉ុន្តែក្រោយមកក៏ស្ងាត់ទៅវិញ បន្ទាប់ពីធ្លាក់ទម្រង់លេងនិងកីឡាករល្អៗមួយភាគធំបានចេញទៅរកក្លិបផ្សេង។ យ៉ាងណាក្តី នៅរដូវកាល២០១៩នេះ ពួកគេបានត្រឡប់មកវិញដោយដាក់ឈ្មោះថា The RED ហើយស្រែកហ៊ោគាំទ្រក្រុមស្ទើរពេញ៩០នាទី។ ពីមួយថ្ងៃទៅមួយថ្ងៃ សមាជិកក្រុមនេះកាន់តែច្រើន ដែលជម្រុញឲ្យកីឡាករកាន់តែមានទឹកចិត្តប្រកួត។
បែបណាក្តី នេះគ្រាន់តែការបង្ហាញសញ្ញាណវិជ្ជមានរបស់ភ្នំពេញក្រោន ស្របពេលក្រុមទាំង១៣ផ្សេងទៀតក្នុងលីគ ក៏មានការរៀបចំល្អដូចគ្នាក្នុងការត្រៀមជើងទី២។