ការប្រកួតបើកឆាករបស់អាល្លឺម៉ង់ធ្វើមិនបានល្អនោះទេ ដោយចាញ់ក្រុមមិចសិកូ ក្នុងលទ្ធផល ១-០ កាលពីយប់មិញនេះ។
Hirving Lozano ជាអ្នករកគ្រាប់បាល់បានឱ្យខាងក្រុមមិចសិកូ ដោយការទាត់យ៉ាងស្អាតនៅតង់ទី១។ យ៉ាងណាមិញ ក្រោយពីគេនាំមុខហើយ អាល្លឺម៉ង់ព្យាយាមវាយសម្រុកយ៉ាងខ្លាំង ដើម្បីស្វែងរកគ្រាប់បាល់មកវិញ តែមិនអាចធ្វើបានសម្រេចឡើយ។ ផ្ទុយទៅវិញ ខាងមិចសិកូឯណោះទេ ដែលមានឱកាសល្អៗជាច្រើនក្នុងការរកគ្រាប់បាល់បន្ថែមទៀត តែគួរឱ្យស្ដាយពួកគេសម្រេចទីមិនបានល្អ។ ចប់ការប្រកួត មិចសិកូយកឈ្នះលើក្រុមអាល្លឺម៉ង់ ១-០ ក្នុងការប្រកួតដំបូងក្នុងពូល។
បរាជ័យនេះ លោក Joachim Low បាននិយាយថាវាគ្មានអ្វីទៅឈឺចិត្តនោះទេ ឬក៏ផ្លាស់ក្រុមទាំងមូលឡើយ។ “ខ្ញុំអត់មានអីនិយាយឡើយ ប្រសិនបើគ្រាន់តែចាញ់ប៉ុណ្ណឹងធ្វើឱ្យប្រទេសដទៃឬក្រុមដទៃ ឈឺចាប់នោះ។ សម្រាប់ខ្ញុំវាគ្មានអ្វីចម្លែកឡើយ ការប្រកួតតែងមានចាញ់ មានឈ្នះ។ យើងនឹងបន្ដដំណើរទៅមុខទៀត”។
អាល្លឺម៉ង់ ស្ថិតនៅពូល F ជាមួយក្រុមមិចសិកូ ស៊ុយអែត និងកូរ៉េខាងត្បូង។ ប្រកួតបន្ទាប់របស់ពួកគេនឹងត្រូវប៉ះជាមួយស៊ុយអែត នៅថ្ងៃទី២៤ខាងមុខនេះ៕ប្រភព៖ DailyMail