ជម្រើសជាតិអាហ្វហ្គានីស្ថាន Mustafa Zazai ចូលរួមជាមួយភ្នំពេញក្រោន ត្រៀមជើងទី២លីគកម្ពុជា

សមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថាន កីឡាករ Mustafa Zazai ដែលធ្លាប់ទាត់ចូលកម្ពុជា ២គ្រាប់ ទីបំផុតបានចូលរួមជាមួយម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៦សម័យកាល ភ្នំពរញក្រោន ពោលគឺនៅអំឡុងពេលទីផ្សារដោះដូរកីឡាករកំពុងបើក។

ខ្សែប្រយុទ្ធស្លាបដែលត្រូវអ្នកគាំទ្រប្រទះឃើញ នៅលើទឹកដីកម្ពុជាកាលពីសប្តាហ៍កន្លងមកក្នុងគោលដៅធ្វើតេស្តនៅក្លឹបដ៏ធំមួយ ប៉ុន្តែពុំត្រូវបានបង្ហើបឲ្យដឹងពីឈ្មោះក្លឹបឡើយនៅពេលនោះ ពេលនេះត្រូវបានប្រកាសជាផ្លូវការ ដោយក្លឹបបាល់ទាត់ភ្នំពេញក្រោន បន្ទាប់ពីធ្វើតេស្តជាមួយក្លឹបប្រមាណ ២សប្ដាហ៍រួចមក។

Mustafa Zazai ដែលបច្ចុប្បន្នមានវ័យ ២៦ឆ្នាំ ប៉ុន្មានឆ្នាំចុងក្រោយនេះប្រកបអាជីពច្រើននៅតំបន់អាស៊ីអាគ្នេយ៍ ដោយភាគច្រើននៅថៃ ជាមួយលីគទី៣ និងទី៤ ថៃ និងចុងក្រោយក្លឹបនៅលីគទី២ ម៉ាឡេស៊ី Kelantan FA។ ខ្សែបម្រើរូបនេះក៏ធ្លាប់លេងជាយុវជនថ្នាលរបស់ក្លិប Hamburger SV របស់អាល្លឺម៉ង់ អំឡុងឆ្នាំ ២០០៦ ដល់ ២០០៩ និងចាប់ផ្តើមកីឡាករអាជីពជាមួយក្លិប VfB Lübeck លើទឹកដីអាល្លឺម៉ង់ដដែលអំឡុងឆ្នាំ ២០១២ និង២០១៣។

គួររំលឹកផងដែរថា Mustafa Zazai សុទ្ធតែបានរួមចំណែកជួយឲ្យជម្រើសជាតិអាហ្វហ្គានីស្ថាន ឈ្នះ កម្ពុជា ទាំងពីរលើក ក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ( 2018 FIFA World Cup qualification ) ក្នុងពូល E កាលពីឆ្នាំ២០១៥ ដោយជើងទី១ នៅទឹកដីកម្ពុជា ដែលឈ្នះ ០ទល់១ ដោយរូបគេរកគ្រាប់បាល់បាន ១គ្រាប់ និងជើងទី២ ដែលឈ្នះ ៣ទល់០ ក៏រកបាន ១គ្រាប់ដូចគ្នា។

គួរបញ្ជាក់ថា Mustafa Zazai គឺជាសមាជិកទី៣ ហើយដែលនាំក្លឹបម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលមួយនេះនាំចូលមករួមក្រុមបន្ទាប់ពីកីឡាករ សុខ សុវណ្ណ ដែលទើបតែផ្ទេរចូលកាលពីសប្ដាហ៍មុន ពីក្លឹបវិសាខា ក្នុងលក្ខខណ្ឌខ្ចីជើង និងទី២ កីឡាករកូនកាត់ខ្មែរបារាំង សេង សារ៉ាវុធ៕

https://www.facebook.com/PhnomPenhCrownFC/videos/657158708083587/

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT