Griezmann ​កាន់​តែ​កៀក​ផ្លាស់​ទៅ Barcelona ​ហើយ​

ខ្សែ​ប្រយុទ្ធ Antoine Griezmann ​កាន់​តែ​កៀក​ផ្លាស់​ទៅ​ក្រុម Barcelona ​មែនទែន​ហើយ ​ក្រោយ​ពី​សាមី​ខ្លួន​ព្រម​កុងត្រា​៥​ឆ្នាំ​ជាមួយ​តម្លៃ​ពលកម្ម​១៥​លាន​ផោន​ក្នុង​មួយ​សប្ដាហ៍។

កីឡាករ​បារាំង​នេះ ​បាន​ប្រកាស​ចាកចេញ​ពី​ក្រុម Atletico Madrid ​តាំង​ពី​ចប់​រដូវ​កាល​មុន​ម្ល៉េះ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​រូបគេ​មិន​ទាន់​សម្រេច​ទៅ​លេង​នៅ​ក្លឹប​ណា​បន្ដ​ទៀត​នៅ​ឡើយ​ទេ។ ក្លឹប​ដែល Griezmann ​ចង់​លេង​បន្ដ​ទៀត គឺ​ក្រុម Barcelona ​ប៉ុន្តែ​ពួកគេ​ហាក់​ពិបាក​យក ព្រោះ​តម្លៃ​ខ្លួន​របស់​គេ​ខ្ពស់ ​ហើយ​សមាជិក​ក្រុម​មួយ​ចំនួន​ក៏​មិន​ចង់​បាន​ដែរ។

ប្រភព​នៅ​អេស្ប៉ាញ​បាន​ចុះ​ផ្សាយ​ថា​ក្រុម AT Madrid ​នឹង​លក់​រូបគេ​ចេញ​ក្នុង​តម្លៃ​១០៧​លាន​ផោន ​ដើម្បី​យក​ប្រាក់​នេះ​ទៅ​ទិញ​កីឡាករ​ថ្មី​វ័យ​ក្មេង Joao Felix ​របស់​ក្រុម Benfica ​វិញ។ ដោយសារ​តែ​តម្លៃ​នេះ​ហើយ ទើប​បាន​ជា​ក្រុម Barcelona ​មិន​ទាន់​ចុះ​កុងត្រា​យក​ភ្លាម​ៗ​នោះ​ទេ។ តែ​មួយ​រយៈ​នេះ​មាន​ដំណឹង​មក​ថា​សាមី​ខ្លួន​យល់​ព្រម​កុងត្រា​៥​ឆ្នាំ​ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ​រួច​ទៅ​ហើយ។ ដូច្នេះ ការ​ទិញ​ផ្ដាច់​កុងត្រា​នឹង​កើត​មាន​ឡើង​ឆាប់​ៗ​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT