ពានរង្វាន់បាល់ទាត់ក្នុងសាល ឆ្នាំថ្មីកំណត់ឲ្យក្រុមដាក់ពាក្យចូលរួមប្រកួតដោយសេរី

ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល ថ្នាក់ជាតិ ឆ្នាំ២០១៩ គ្រោងនឹងត្រលប់មកវិញ ឆាប់ៗនេះហើយ បន្ទាប់ពីស្រពិចស្រពិលអស់រយៈពេលច្រើនខែជុំវិញការបន្តការប្រកួតរដូវកាលទី៣ នៃលីគដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មួយនេះ។

យោងតាមការប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ពានរង្វាន់បាល់ទាត់ក្នុងសាល ( Cambodia Futsal ) បានប្រកាសពីការចាប់ទទួលចុះឈ្មោះក្រុមដើម្បីចូលរួមប្រកួតពានរង្វាន់នេះ ដោយនឹងចាប់ផ្ដើមទទួលពាក្យពីថ្ងៃទី២៨ ខែមិថុនា រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ តទៅ។

សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ចូលរួមអាចទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម​ តាមទូរស័ព្ទលេខ​ ០១២​ ៨០​ ៥៣​ ៨៨​ / ០១៦​ ៧០​ ៨០​ ៩៥។

ចំពោះរូបមន្តនៅពុំទាន់បញ្ជាក់ឡើយ ត្បិតពាននេះមានការប្រែប្រួលជានិច្ច។ កាលពីឆ្នាំ២០១៧ ពានរង្វាន់នេះធ្វើការប្រកួតជាលក្ខណៈថ្នាក់ជាតិ មានក្រុមចូលរួមច្រើន និងបែងចែកពូល ប្រកួតច្រើនដំណាក់កាល រហូតដល់រកជើងឯកគឺបានទៅលើ ក្រុមសសយក កំចាយមារ ស្របពេលដែលរដូវកាលទី២ ឆ្នាំកន្លងទៅ ប្រកួតជាលក្ខណៈលីគវិលជុំសន្សំពិន្ទុវិញ ជាមួយនឹងក្រុមចំនួន១០ចូលរួមប្រកួត លទ្ធផលជើងឯកគឺបានទៅលើក្រុម ដោនថោនស្បត ( Down Town Sport ) ដែលទើបតែបញ្ចប់ភារកិច្ចតំណាងកម្ពុជា ប្រកួតក្នុងពានក្លឹបបាល់ទាត់ក្នុងសាលប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF Futsal Club Championship 2019 ) នៅប្រទេសថៃ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT