សំ ថារ័ត្ន បង្ហើបអំពីគម្រោងវិលមកសង្វៀនសាជាថ្មី

កីឡាការិនីជំនាញក្បាច់គុនល្បុក្កតោ សំ ថារ័ត្ន ដែលមានសរហស្សនាម “Little Frog” បានបង្ហើបអំពីការតាំងចិត្តត្រឡប់មកកាន់សង្វៀនប្រកួតសាជាថ្មី បន្ទាប់ពីការខកខានតាំងពីចុងឆ្នាំ ២០១៧ មក។ ការសម្រាកឡើងរេញប្រកួតក្រោយពីការទទួលជ័យជម្នះលើ កីឡាការិនីថៃពីររូប Surarak Kamla នាខែកក្កដា ឆ្នាំ ២០១៧ និង Kaewjai Prachumwong កាលខែ វិច្ឆិកា ឆ្នាំ ដដែល លើសង្វៀន Full Metal Dojo ដូចគ្នានាក្រុងបាងកកប្រទេសថៃ។

សំ ថារ័ត្ន ប្រលូកលើសង្វៀនគុនចម្រុះបានចំនួន ៦ លើកក្នុងនោះ ឈ្នះ ៤ លើក និង ចាញ់ ២ លើក។ ដោយសារតែចេះក្បាច់គុន កីឡាការិនីវ័យ ២៨ ឆ្នាំរូបនេះតែងតែទទួលបានការអញ្ជើញចុះកិច្ចសន្យាថតខ្សែភាពយន្តខ្នាតខ្លី និង រឿងភាគជាហូរហែ ដែលជាហេតុធ្វើឲ្យការងាររវល់ និង បាត់មុខពីសង្វៀនប្រដាល់ទាំងថ្នាក់ជាតិ និង អន្តរជាតិ។ បច្ចុប្បន្ននេះ កីឡាការិនីដែលប្រកួតបានទាំងគុនខ្មែរ និង គុនចម្រុះកំពុងសំងំថតខ្សែភាពយន្តមួយទៀតដែរ ដែលគ្រោងបញ្ចប់ក្នុងរយៈពេលមួយខែ ប៉ុន្តែ គេសុំលាក់ឈ្មោះចំណងជើងសិនតាមការស្នើសុំរបស់ផលិតករ។ ក្រោយការថតដែលគ្រោងបញ្ចប់ក្នុង ១ ខែខាងមុខ គេអាចមានហ្វឹកហាត់កាន់តែខ្លាំងឡើង និង ត្រៀមខ្លួនបានល្អសម្រាប់ឡើងសង្វៀនម្ដងទៀត។

កីឡាការិនីធ្លាប់ឡើងសង្វៀន ONE ចំនួន ៣ លើកសង្កត់ធ្ងន់បែបនេះ៖”ខ្ញុំហ្វឹកហាត់រាល់ថ្ងៃនេះ មានគ្រូៗគាត់ជួយណែនាំខ្លះ និងហាត់ខ្លួនឯងផង ភាគច្រើន ហើយ បើអ្នកហាត់ណាទំនេរ គឺហៅគាត់ឡាំគ្នា ឬ សមគ្នាប្រកួតគ្នាអីចឹងទៅ ទម្រាំមានគូប្រកួត ខ្ញុំនឹងត្រៀមតាមហ្នឹងដែរ”។

គួរដឹងដែរថា សំ ថារ័ត្ន បាត់មុខពីសង្វៀនដែលមានការគាំទ្រពីទស្សនិកជន ប៉ុន្តែរូបគេមានទីផ្សារហក់ខ្លាំងលើការថតខ្សែភាពយន្ត ពេលគេត្រូវការតួស្រីក្លាហាន ឬ មានឈុតប្រើប្រាស់ក្បាច់គុនជាដើម។ មួយទៀត គេជាកម្លាំងស្នូលដើម្បីផ្សព្វផ្សាយក្បាច់គុនល្បុក្កតោខ្មែរទៅកាន់ឆាកអន្តរជាតិ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT