ជួន ចាន់ចាវ និង អ៊ន ចាន់ប៉ូលីន បន្ត​កិច្ចសន្យា​ថ្មី​ជាមួយភ្នំពេញ​ក្រោន ដល់ឆ្នាំ២០២២

ខ្សែបម្រើឆ្នើម អ៊ន ចាន់ប៉ូលីន និងជួន ចាន់ចាវ បានព្រមព្រៀងបន្តកិច្ចសន្យាថ្មីជាមួយក្លឹបភ្នំ ពេញក្រោនរហូតដល់ឆ្នាំ២០២២ ជាមួយនឹងការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ថា នឹងជួយក្លឹបឈ្នះជើងឯកលីគកំពូល ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ផងដែរ។

កីឡាករ ជួន ចាន់ចាវ វ័យ២០ឆ្នាំ បាននិយាយថា «រីករាយក្នុងការបន្តរស់នៅជាមួយក្លឹបល្អជាងគេនៅកម្ពុជា និងមានអ្នកគាំទ្រដ៏អស្ចារ្យ។ ហេតុផល គឺដើម្បីឈ្នះពានជាមួយក្លឹបភ្នំពេញក្រោន និងការចិញ្ចឹមបីបាច់តាំងពីតូច ចឹងយើងត្រូវតែតបស្នងសងគុណវិញ។ រដូវកាលនេះយើងរំពឹងថាទទួលបានចំណាត់ថ្នាក់ល្អ ប៉ុន្តែក៏មិនហ៊ានរំពឹងខ្ពស់ពេកដែរ រួមជាមួយថ្នាក់ដឹកនាំលើកទឹកចិត្តយើង ជំរុញយើង ឲ្យយើងបន្តលេងជាមួយក្លឹបទៀតផងនោះ»។

រីឯកីឡាករ វ័យ ២១ឆ្នាំ អ៊ន ចាន់ប៉ូលីន វិញក៏លើកឡើងដែរថា «សម្រាប់ការបន្តកិច្ចសន្យារហូតដល់ឆ្នាំ២០២២ នេះ ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្តដែលបានរួមរស់ជាមួយក្លឹបនេះបន្តទៀត មូលហេតុគឺខ្ញុំធំធាត់នៅទីនោះ បូករួមការសប្បាយចិត្តរស់នៅក្នុងទីនេះផងដែរ។ នេះគឺជាមូលហេតុដែលខ្ញុំចង់នៅបន្តទៀត។ សម្រាប់ខ្ញុំនៅតែមានជំនឿចិត្តសម្រាប់ថ្នាក់ដឹកនាំ គ្រូបង្វឹកទាំងអស់ ថាយើងអាចក្លាយជាជើងឯកបាន»។

នេះជាផ្នែកមួយនៃការរក្សាកីឡាចាស់របស់ក្លិបជើងឯកលីគ៦សម័យ ត្បិតកន្លងមកដោយសារមានភាពយឺតយ៉ាវក្នុងការបន្តកុងត្រានេះ ទើបមានកីឡាករមួយចំនួនស្រវ៉ារកក្លិបថ្មី ដើម្បីចាកចេញ។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT