ជើងខ្លាំងMMA ចៅ សួស្ដី ក្លាយជាគ្រូបង្វឹករបស់សហព័ន្ធគុនចម្រុះកម្ពុជា

អតីតជើងខ្លាំង MMA ចៅ សួស្ដី​ ​បានចុះឈ្មោះផ្លូវការជាមួយសហព័ន្ធគុនចម្រុះកម្ពុជា ដើម្បីក្លាយជាគ្រូបង្វឹក MMA ។

លោកជា​​អតីត​កីឡាករ​ដ៏​មាន​ពិសោធន៍​ម្នាក់​​នៅ​ក្នុង​គុន​ចម្រុះ​ និង​ ធ្លាប់​ប្រកួត​នៅ​សង្វៀន​ ONE Championship ​​ម្ដង​កាល​ឆ្នាំ​ ២០១៤ ពេល​រៀប​ចំ​នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា។ ​​បច្ចុប្បន្ន​បុរស​វ័យ​ ៣៨ ឆ្នាំ​រូប​នេះ​​មាន​ក្លិប​ប្រដាល់​មួយ​ឈ្មោះ​ CHAU KAIZEN ​នៅ​ប្រទេស​អូស្ត្រាលី​ ដែល​បើក​បង្ហាត់​សម្រាប់​ជន​បរទេស និង​កូន​ខ្មែរ​នៅ​អូស្ត្រាលី។​

​លោក​ កែ ប៊ិនសូរស្មី អនុប្រធានសហព័ន្ធ​គូស​បញ្ជាក់​បែប​នេះ​ ៖«​យើង​ពិត​ជា​រីករាយ​ដែល​ ​សួស្ដី ​មក​​ចូល​រួម​ជា​មួយ​ពួក​យើង។ គេ​ជា​​អ្នក​ដែល​​តាម​ដាន​​ក្បាច់​គុន​​ចម្រុះ​នៅ​កម្ពុជា​តាំង​ពី​ដំបូង​ម៉្លេះ ហើយ​គេ​ធ្លាប់​ប្រកួត​នៅ សង្វៀន​​ ONE ម្ដង​កាល​ឆ្នាំ​ ២០១៤។ ​​ក្ដី​ស្រលាញ់​របស់​គេ​​មាន​ជាប់​​រហូត​ដល់​បង្កើត​ក្លិប​មួយ​ឈ្មោះ​ CHAU KAIZEN នៅ​​​​ក្រុង​ Adelaïde ប្រទេស​អូស្ត្រាលី។ ​សួស្ដី​ មាន​ជំនាញ​ខាង​ក្បាច់​គុន​ ចម្រុះ​ និង​ ជីជិតស៊ូ»។ ​

អនុ​ប្រធាន​រូប​នេះ​​សង្កត់​ធ្ងន់​ទៀត​ថា៖«​អ្វី​ដែល​ខ្ញុំ​សោក​ស្ដាយ​​​បន្តិច​ត្រង់​ថា​ សួស្ដី ​ចុះ​ឈ្មោះ​ជា​គ្រូ​បង្វឹក​មិន​មែន​ជា​កីឡាករ។ ​ប៉ុន្តែ​យ៉ាង​ណា​​ក្ដី​ ក៏​វា​ល្អ​ប្រសើរ​ដែរ​ដោយ​សារ​ សួស្ដី មាន​ទំនាក់ទំនង​​ល្អ​ណាស់​នៅ​អូស្ត្រាលី។ ​យើង​សង្ឃឹម​ថា​គាត់​​​ជួយ​ទាក់ទង​ឲ្យ​​យើង​ទទួល​បាន​កីឡាករ​​កូន​ខ្មែរ​ល្អៗ​​ពី​ អូស្ត្រាលី។ ​ក្នុង​នោះ​យើង​ឃើញ​ថា​ David Meak ​​ជា​កូន​ខ្មែរ​នៅ​អូស្ត្រាលី​ដែរ​ ​ហើយ​ David ​​បាន​ប្រកួត​ទល់​នឹង​ជើង​ខ្លាំង​​ Christian Lee ​តារា​ប្រចាំ​សង្វៀន​​ ONE កាល​ខែ​ ​កុម្ភៈ​ ឆ្នាំ​ ២០១៨»។

យុទ្ធ​សាស្ត្រ​របស់​សហព័ន្ធ​កីឡា​​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​​គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​បាន​គ្រូ​ម្នាក់​​និង​ក្លិប​មួយ​យ៉ាង​តិច​នៅ​​​ក្រៅ​ប្រទេស​ដែល​មាន​កូន​ខ្មែរ​​រស់​​នៅ​និង​ហាត់​ក្បាច់​គុន​ ​ហើយ​ គ្រូ​បង្វឹក​ដើរ​តួ​​ជួយ​បង្ហាត់ និង​ ​ជ្រើស​រើស​​កីឡាករ​នៅ​ទី​នោះ។ ​ចៅ សួស្ដី ​ជា​​គ្រូ​បង្វឹក​ម្នាក់​ ដែល​​សក្ដិសម​​ទៅ​នឹង​ការ​​ជ្រើស​រើស ​របស់​សហព័ន្ធ​​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ ហើយ​​ថ្ងៃ​ណា​មួយ​​​គ្រូ​បង្វឹក​រូប​នេះ​​នឹង​ចូល​រួម​ដក​ស្រង់​បទ​ពិសោធន៍​​មក​បង្វឹក​នៅ​កម្ពុជា។

វត្តមាន​ ចៅ សួស្ដី, Albert Chey, អែម​ សុវណ្ណារី, ​សំ ថារ័ត្ន , នៅ ស្រីពៅ, រិន សារ័ត្ន ​និង កីឡាករ​ជា​ច្រើន​ទៀត​ជា​បណ្ដុំ​នៃ​​​កម្លាំង​សំខាន់​ជំនាន់​ក្រោយ​ ​ដើម្បី​​​រួម​ដំណើរ​ទៅ​ប្រកួត​​តំណាង​ឲ្យ​ទង់​ជាតិ​កម្ពុជា។ ការ​ប្រកួត​តែង​តែ​មាន​​ចាញ់ ឬ ​ឈ្នះ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ ​សហព័ន្ធ​​មាន​ចក្ខុវិស័យ​​ដើម្បី​ប្រមូល​ផ្ដុំ​កីឡាករ​កូន​ខ្មែរ​ទាំង​ក្នុង​ និង ក្រៅ​​ប្រទេស​ឲ្យ​រួម​គ្នា​​​ធ្វើ​​​​ក្នុង​ន័យ​បង្កើត​​មោទនភាព​ជាតិ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT