ក្ដៅ​ៗ Neymar ​ទ្រាំ​លែង​បាន ​សុំ​ម្ចាស់​ក្លឹប PSG ​ត្រលប់​ទៅ​ផ្ទះ​វិញ​ហើយ

ខ្សែ​ប្រយុទ្ធ Neymar ​បាន​ស្នើ​សុំ​ប្រធាន​ក្លឹប PSG ​ចាកចេញ​នៅ​រដូវ​ក្ដៅ​នេះ​តែ​ម្ដង ​ដើម្បី​បាន​ត្រលប់​ទៅ​ផ្ទះ​វិញ (FC Barcelona ) ដែល​ជា​កន្លែង​ខ្លួន​មិន​គួរ​ចាកចេញ​។

ប៉ុន្មាន​ថ្ងៃ​មុន​លោក​ Nasser Al-Khelaifi ​បាន​និយាយ​ចំ​ៗ​ថា ​លោក​លែង​ចង់​បាន​កីឡាករ​ចរិត​តួ​ឯក​តែ​ឯង​ក្នុង​ក្រុម​ទៀត​ហើយ។ គ្មាន​នរណា​ម្នាក់ ​បង្ខំ​គេ​មក​បន្ដ​កុងត្រា​អ្វី​ទៀត​នោះ​ទេ។ លោក​នឹង​លក់ Neymar ​ចេញ​នា​រដូវ​ក្ដៅ​នេះ ប្រសិន​បើ​មាន​ក្លឹប​ណា​មួយ​ផ្ដល់​តម្លៃ​សមរម្យ​។

ឮ​ដំណឹង​នេះ​ភ្លាម ​កីឡាករ​ប្រេស៊ីល​ដែល​កំពុង​មាន​ក្ដី​ក្ដាំ​ជាមួយ​រឿង​រំលោភ​នារី​ម្នាក់​នៅ​បារាំង​ផង​នោះ ​ក៏​បាន​ស្នើ​សុំ​ក្លឹប​ចាកចេញ​តែ​ម្ដង។ រូបគេ​ចង់​ត្រលប់​ទៅ Barcelona ​វិញ ​ហើយ​បញ្ជាក់​ថា​សោកស្ដាយ​ដែល​សម្រេច​ចិត្ត​ចាកចេញ​ពី​អ្នក​មាន​បុណ្យ​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ។ “ខ្ញុំ​មិន​ចង់​លេង​នៅ​ទី​នេះ​ទៀត​ទេ ​ខ្ញុំ​ចង់​ទៅ​ផ្ទះ ​កន្លែង​ដែល​ខ្ញុំ​មិន​គួរ​ចាកចេញ​សោះ”។

នៅ​ឆ្នាំ​២០១៧ ​ក្រុម PSG ​ទិញ Neymar ​មក​ក្នុង​តម្លៃ​ខ្លួន​១៩៨​លាន​ផោន ​កុងត្រា​ដល់​ឆ្នាំ​២០២២​ឯ​ណោះ។ យ៉ាងណាមិញ ​អាជីព​របស់​កីឡាករ​រូប​នេះ​មិន​ជោគជ័យ​ឡើយ​នៅ​បារាំង ​ដោយ​តែងតែ​មាន​របួស និង​រឿង​អា​ស្រូវ​រហូត។ ២​រដូវ​កាល​មក​នេះ ​រូបគេ​បង្ហាញ​ខ្លួន​បាន​៥៨​ប្រកួត ​និង​រក​បាន​៥១​គ្រាប់​។

ក្រុម Barcelona ​ឯ​ណោះ​វិញ ក៏​មាន​បំណង​ចង់​បាន​រូបគេ​ទៅ​វិញ​ដែរ។ មាន​ដំណឹង​ថា​ក្រុម​អ្នក​មាន​បុណ្យ​ផ្ដល់​ប្រាក់​១០០​លាន​អឺរ៉ូ​សម្រាប់ Neymar ​នេះ ​ហើយ​នឹង​ជូន​កីឡាករ​ថែម​ម្នាក់​ទៀត។ ម្នាក់​នោះ ​ក្រុម PSG ​អាច​រើស​បាន ​ក្នុង​ចំណោម Dembele , Rakitic ​និង Umtiti ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT