ផ្ទុះការរឹះគន់! កីឡាករខុសពិន័យ៦ខែ​ តែចៅក្រមកាត់ក្តីបញ្ច្រាសបញ្ឍរជើងតែ៦សប្តាហ៍

មជ្ឍដ្ឋានអ្នកគាំទ្រប្រដាល់គុនខ្មែរ បានរឹះគន់ចំៗទៅកាន់សហព័ន្ធដែលបានពិន័យតែ៦សប្តាហ៍ប៉ុណ្ណោះ ចំពោះចៅក្រម៣នាក់ដែលកាត់ក្តីបញ្ច្រាសការពិតឲ្យ ឃីម បូរ៉ា ចាញ់កីឡាករថៃ ទួនប៉េ ខណៈកន្លងមក កម្ពុជា បានបាត់បង់គ្រាប់ពេជ្រ សុខ ធី ( កាកា ) ដែលចាកចេញទៅប្រកួតនៅថៃ ដោយសារតែការពិន័យមិនឲ្យប្រកួតដល់ទៅ៦ខែ។

ចៅក្រម៣រូបមានលោក ម៉ង់ ស៊ីថន, ឡុង សាលវ័ន្ត និង រាម កុសល ត្រូវបានគណៈកម្មការវិន័យរបស់ KKF រកឃើញថាបានកាត់សេចក្តីមិនប្រក្រតីដែលឲ្យ ទួនប៉េ ឈ្នះទាំង បូរ៉ា វាយឡើងរាប់ម្តងនៅទឹកទី៤។ ក្រោយកិច្ចប្រជុំ សហព័ន្ធបានប្រកាសថា បូរ៉ា ជាអ្នកឈ្នះ ប៉ុន្តែមិនមានការប្តូរលទ្ធផលមកឲ្យអ្នកប្រដាល់កម្ពុជានោះឡើយ។ ចំណែក ចៅក្រម ទាំង៣ត្រូវបានពិន័យព្យួរការងារត្រឹម៦សប្តាហ៍ ( ១ខែកន្លះ ) ដើម្បីពិចារណាកំហុសនិងកែប្រែ។

រឿងរ៉ាវនេះ ផ្ទុយពីពេលកន្លងមក ដែល សុខ ធី បានប្តឹងចំពោះការឲ្យខ្លួនចាញ់ក្នុងការប្រកួតខ្សែក្រវ៉ាត់នៅក្រុមហ៊ុន CBS។ សហព័ន្ធ បានប្រកាសព្រមាន និងឈានទៅដល់ការពិន័យកីឡាករដែលគេគិតថាជាគ្រាប់ពេជ្រមួយនេះមិនឲ្យប្រកួតដល់ទៅ៦ខែ។ ប្រការនេះ បានបង្ខំឲ្យ កាកា ចាកចេញទៅប្រកួតនៅថៃ និងពុំជាប់ឈ្មោះចូលជម្រើសជាតិទៅស៊ីហ្គេមបានឡើយ។

គួរបញ្ជាក់ថា សហព័ន្ធគុនខ្មែរ ទើបតែត្រូវសម្តេចតេជោ ហ៊ុនសែន ព្រមានលូកដៃចំពោះការកាត់សេចក្តីមិនយុត្តិធម៌កាលពីពេលកន្លងមក។ សម្តេចបានថ្លែងជាសាធារណៈថាមន្ត្រីមួយចំនួនបានល្មើសចាកសីលធម៌វិជ្ជាជីវៈ ដោយកាត់សេចក្តីមិនអាចទទួលយកបាន សម្រាប់កីឡាករ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT