សង្វៀនឯកភ្នំ​ ផ្លាស់​ប្ដូរ​មកប្រកួត៣ទឹកដូច​សង្វៀន ONE Championship

«សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ» ​ឬ ​ហៅ​ថា​ « Ek Phnom Kun Khmer Arena»​ ​​បាន​ផ្លាស់​ប្ដូរ​ក្បួន​​ច្បាប់​ ​​ឬ គោល​ការណ៍​មួយ​ចំនួន​​ឲ្យ​​ដូច​ទៅ​​សង្វៀន​កម្រិត​អន្តរជាតិ​ ONE Championship ដែល​​ផ្លាស់​ពី​ ៥ ទឹក​មក​ប្រកួត​ត្រឹម​ ៣​ទឹក​ចាប់​ពី​​ថ្ងៃ​ទី​ ៣០ ខែ មិថុនា​ ខាង​​មុខ​តទៅ។​ នេះ​ជា​ការ​បង្ហើប​ឲ្យ​ដឹង​ ​របស់​លោក​​ Matias Andrés អ្នក​គ្រប់គ្រង​​ទូទៅ​​នៅ​សង្វៀន​​​ខាង​លើ​បន្ទាប់​ពី​ដំណើរ​ការ​ប្រកួត​លក្ខណៈ​ជាតិ​ និង​អន្តរជាតិ​​អស់​រយៈ​ពេល​ជាង​ ៤​ ខែ​មក​នេះ។​ ​

លោក Matias Andrés ​​បាន​បញ្ជាក់​​អំពី​ការ​ផ្លាស់​​ប្ដូរ​ពី​ ​ការ​ប្រកួត​៥​ទឹក​មក​ប្រកួត​៣​ទឹក​យ៉ាង​ដូច្នេះ​ ៖«​សង្វៀន ​Ek Phnom Kun Khmer Arena​ ​ចង់​ឃើញ​គុន​ខ្មែរ​​រីក​ចម្រើន​​ទាំង​នៅ​ក្នុង​ស្រុក​ និង​ឆាក​អន្តរជាតិ។ ​ដើម្បី​ឈាន​ទៅ​កម្រិត​អន្តរជាតិ ​គុន​ខ្មែរ​ត្រូវ​តែ​សម្រប​​ និង​បង្ហាញ​​​អនុភាព​នៃ​ក្បាច់​វ័យ​ចំណាស់​មួយ​នេះ។ ​បើ​សិន​យើង​មិន​​សម្រប​តាម​ស្ដង់ដារ​អន្តរជាតិ ​នោះ​កីឡាករ​របស់​យើង​មិន​អាច​រៀប​ចំ​ខ្លួន​​បាន​ល្អ​​​ក្នុង​កម្មវិធី​ ONE ​​​នោះ​ទេ​ ព្រោះ​កម្រិត​​របស់​យើង​នៅ​ក្រោយ​គេ​ឆ្ងាយ»។​

អ្នក​គ្រប់គ្រង​ទូទៅ​​រូប​នេះ​​បាន​រៀបរាប់​ថា​​លោក​បាន​អញ្ជើញ​មន្ត្រី​មក​ពី​សហព័ន្ធ​កីឡា​ប្រដាល់​​គុន​​ខ្មែរ​​ដើម្បី​ពិភាក្សា​​អំពី​ការ​ប្ដូរ​គោលការណ៍​នេះ និង​ បាន​ចែក​រំលែក​អំពី​បទ​ពិសោធន៍​ជា​ច្រើន​​ពី​គ្នា​ទៅ​វិញ​ទៅ​មក​កាល​ថ្ងៃ​ទី​ ១ និង​ ​២​ ខែ ​មិថុនា កន្លង​ទៅ។ ​ក្នុង​​នោះ​គេ​កត់​សម្គាល់​ឃើញ​ថា​ ​អាជ្ញា​កណ្ដាល និង ​ចៅ​ក្រុម​ទទួល​បាន​ចំណេះ​ដឹង​ និង ​សម្ដែង​ភាព​រីករាយ​ក្នុង​កិច្ច​ពិភាក្សា​នោះ។ ​ ​​ជា​មួយ​គ្នា​​នោះ​ កិច្ច​ពិភាក្សា​នោះ​ក៏​ ជជែក​អំពី​គម្រោង​ត្រូវ​​​ចាប់​ផ្ដើម​កម្មវិធី​ Kun Khmer ULTRA ផង​ដែរ។ ​ការ​ប្ដូរ​ពី​ ៥ ទឹក​ទៅ​ ៣​ទឹក​ក៏​ជា​ជំហាន​ដំបូង​ដើម្បី​ឆ្ពោះ​ទៅ​​​កម្មវិធី​ Kun Khmer ULTRA ​ទៀត​ផង។

អ្នក​​គ្រប់គ្រង​ដែល​​ជា​អតីត​ការី​និពន្ធ​ព័ត៌មាន​កីឡា​នៅ​ ONE Championship បាន​សង្កត់​ធ្ងន់​ថា ៖«​ការ​ប្រកួត​​៥​ទឹក​ គឺ​បញ្ចប់​ទៅ​យឺត។ ​វា​មិន​មែន​ងាយ​ស្រួល​​ទេ​​ព្រោះ​ប្រើ​ពេល​ដល់​ ១៥ នាទី​។ ខ្ញុំ​យល់​ឃើញ​បែប​នេះ។ ប៉ុន្តែ​បើ​សិន​វ៉ៃ​ត្រឹម​ ៣ ទឹក​គឺ​មាន​កម្លាំង​ពេញ​តែ​ម្ដង​​និង​​ការ​ទស្សនា​​ក៏​រំភើប​ទៅ​តាម​ហ្នឹង។ ​យើង​ចង់​​ឲ្យ​ការ​ទស្សនា​​​គុន​ខ្មែរ​គឺ​​រំភើប​​ញាប់ញ័រ​ និង ​ទាក់ទាញ​អ្នក​​គាំទ្រ​មក​ទស្សនា​ច្រើន​នៅ​សង្វៀន​របស់​យើង។ ពេល​មាន​ការ​គាំទ្រ​កាន់​តែ​ច្រើន ​យើង​រឹត​​​តែ​មាន​កីឡាករ​ល្អ​​ៗ​កាន់​​តែ​ច្រើន​​ដែរ។ នេះ​ហើយ​ជំហាន​ត្រូវ​ដើរ»។

អ្នក​គ្រប់គ្រង​សញ្ជាតិ​​ឈីលី​ ជឿ​ជាក់​​​យ៉ាង​ដូច្នេះ ៖«​ខ្ញុំ​​រៀប​ចំ​ឲ្យ​គុន​ខ្មែរ​ល្អ​ប្រសើរ​លើ​ហេតុ​ផល​ជា​ច្រើន​ដូច​ជា សប្បាយ​នឹង​ការ​​ទស្សនា​សម្រាប់​អ្នក​គាំទ្រ, ​កីឡាករ​វ៉ៃ​កាន់​តែ​ខ្លាំង​ជាង​មុន, និង ​កីឡាករ​​របស់​យើង​ប្រកួត​បាន​ល្អ​នៅ​សង្វៀន​ ONE Championship ​​និង​សង្វៀន​អន្តរជាតិ​​នានា»។ ​​​លោក​​​ដឹង​​ដែរ​​ថា​​ តាម​ពិត​​មនុស្ស​មួយ​ចំនួន​មិន​ត្រូវ​ការ​ផ្លាស់​ប្ដូរ​ទេ ​​និង​ ​មិន​បាន​តម្រូវ​​ចិត្ត​ឲ្យ​ត្រូវ​គ្រប់​គ្នា​ដែរ​ ប៉ុន្តែ​នេះ​ជា​អ្វី​​ដែល​គុន​ខ្មែរ​ត្រូវ​ដើរ​ទៅ​​​លើ​ឆាក​អន្តរជាតិ។ ​យ៉ាង​ណា​ក៏​​ដោយ​លោក​​រំពឹង​យ៉ាង​មុតមាំ​ថា​ ​កម្ពុជា​​នឹង​គាំទ្រ​គំនិត​នេះ​ និង​រួម​ចំណែក​ដើម្បី​នាំ​គុន​ខ្មែរ​ទៅ​ឆាក​អន្តរជាតិ​បាន​ល្អ​ជាង​មុន​​ ក៏​ដូច​ជា​​បង្ហាញ​វប្បធម៌​របស់​ខ្មែរ​ទៅ​កាន់​ពិភព​លោក។

គួរ​ដឹង​ដែរ​ថា«សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ» ​​​ត្រូវ​​​បាន​សម្ពោធ​​ដាក់​​ឲ្យ​​​​​​ប្រកួត​ជា​ផ្លូវ​ការ​នៅ​ដើម​ខែ​ កុម្ភៈ​ ​ឆ្នាំ​ ២០១៩​នេះ។ ​​នេះ​ជា​ការ​រួម​ចំណែក​មួយ​ដើម្បី​លើក​កម្ពស់​​ក្បាច់​គុន​ខ្មែរ ​​​មិន​ត្រឹម​តែ​នៅ​ខេត្ត​បាត់​ដំបង​ប៉ុន្តែ​ ​ទូទាំង​ប្រទេស​​ក្នុង​ការ​ផ្ដួចផ្ដើម​នេះ។ ​ក្នុង​នោះ​​កីឡាករ​​ និង ក្លិប​​ប្រដាល់​នៅ​ខេត្ត​បាត់​ដំបង​​ក៏​កំពុង​សស្រាក់សស្រាំ​​កាន់​តែ​អភិវឌ្ឍ​ឈាន​មុខ។ ​​ហើយ​ដំណើរ​ថ្មី​នេះ​ នឹង​ធ្វើ​ឲ្យ​កីឡាករ​​កាន់​តែ​មាន​បទពិសោធន៍​ប្រកួត​​ជោកជាំ​ដូច​​លើ​សង្វៀន​​លំដាប់​ពិភព​លោក​ ​ONE Championship ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT