ក្បាច់គុនចម្រុះ ឬ MMA កំពុងតែចាក់ឫសយ៉ាងជ្រៅនៅក្នុងស្រទាប់ក្បាច់គុនទាំងឡាយនៅព្រះរាជាណាចក្រកម្ពុជា ហើយកីឡាករ-កីឡាការិនីកម្ពុជាក៏ដើរតួនាទីយ៉ាងសំខាន់ដើម្បីលើកកម្ពស់វិស័យក្បាច់គុនដែលគេទទួលស្គាល់ជាអន្តរជាតិមួយនេះ។ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ឬ ហៅថា CMMAF ត្រូវបានបង្កើតឡើងជាផ្លូវការនាខែ តុលា ឆ្នាំ ២០១៨ ដែលមានឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិកកម្ពុជាជាប្រធាន។ ជាមួយគ្នានេះ មាន ៣ចំណុច ដែលគេមើលឃើញថា គុនចម្រុះកំពុងតែដើរលើផ្លូវត្រូវ និង មានទីផ្សារប្រកួតប្រជែងខ្ពស់ដូចជា ទី១ មាន រចនាសម្ព័ន្ធថ្នាក់ដឹកនាំត្រឹមត្រូវ និង ក្លិបចុះឈ្មោះជាហូរហែ ទី២ មានទីផ្សារប្រកួតកម្រិតអន្តរជាតិញឹកញាប់ និង ទី៣ការផ្សព្វផ្សាយបានទូលំទូលាយ។
ទី១ រចនាសម្ព័ន្ធថ្នាក់ដឹកនាំ ត្រឹមត្រូវ និង ក្លិបចុះឈ្មោះជាហូរហែ៖
សហព័ន្ធមានថ្នាក់ដឹកនាំដែលស្រលាញ់កីឡាពិតប្រាកដជាពិសេសឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា។ លោកមានផែនការ និង រចនាសម្ព័ន្ធច្បាស់លាស់ដើម្បីអភិវឌ្ឍក្បាច់គុននេះ ហើយបច្ចុប្បន្ននេះមាន ៥ ក្លិបបានចុះឈ្មោះជាសមាជិកផ្លូវការដូចជាក្លិប សិល្បៈ Cambodian Top Team, Prodal , Monster Factory និង ក្លិបតាដំបងដែក។ ហើយសហព័ន្ធទាក់ទងក្លិបជាច្រើនទៀត។ នាដើមខែ មិថុនានេះ សហព័ន្ធបានបញ្ជូនទម្រង់ចុះឈ្មោះផ្លូវការដើម្បីឲ្យក្លិបក្រោមឱវាទចុះឈ្មោះសម្រាប់កីឡាករ និង គ្រូបង្វឹក។ អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងជាប្រធានក្លិប Cambodian Top Team លោក ហ៊ុន ច័ន្ទរាជ្យ បានបញ្ជាក់ថា ៖« សហព័ន្ធតែងតែយកចិត្តដាក់ និង ដុតដៃដុតជើងដើម្បីជួយជ្រោមជ្រែង ក្លិប ដូចជាកីឡាករនៅក្រោមសហព័ន្ធឲ្យមានទីផ្សារទៅប្រកួតនៅលើឆាកអន្តជាតិ និង ONE Championship ។ សហព័ន្ធនឹងអភិវឌ្ឍខ្លួន និង ពង្រីកទំនាក់ទំនងឲ្យបានកាន់តែច្រើនដើម្បីទីផ្សារកីឡាករកម្ពុជាលើឆាកអន្តរជាតិ»។ នាខែ មិថុនា ឆ្នាំ ២០១៩ នេះលោក លោក កែ ប៊ិនសូរស្មី អនុប្រធានសហព័ន្ធកំពុងបំពេញបេសកកម្មនៅប្រទេសបារាំង និង បង្កើតទំនាក់ទំនងល្អជាមួយក្លិប MMA នៅប្រទេសបារាំងក្នុងន័យទាញកីឡាករកូនកាត់ឲ្យមកចុះឈ្មោះជាមួយសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និង ប្រកួតតំណាងឲ្យកម្ពុជា ជាដើម។ មិនត្រឹមតែក្រៅស្រុក ប៉ុន្តែ សហព័ន្ធក៏ធ្វើការផ្នែកបណ្ដុះបណ្ដាលកីឡាករវ័យក្មេងនៅក្នុងស្រុកឲ្យបានល្អប្រសើរដែរ។
ទី២ មានទីផ្សារប្រកួតអន្តរជាតិញឹកញាប់៖
ដ្បិតសហព័ន្ធស្ថិតក្រោមស្លាកកីឡា ឬ ក្បាច់គុនចម្រុះ ប៉ុន្តែ សហព័ន្ធក៏បានផ្សារភ្ជាប់ទំនាក់ទំនងទៅសង្វៀនក្រៅប្រទេសជាច្រើនដូចជា សង្វៀនល្អផ្ដាច់គេប្រចាំទ្វីបអាស៊ី ONE Championship សង្វៀននៅប្រទេសថៃ និង សង្វៀនអន្តរជាតិនៅមីយ៉ាន់ម៉ាដែលអាចនាំយកកីឡាករគុនខ្មែរទៅប្រកួតតំណាងឲ្យជាតិបាន។ កីឡាករដែលលេចធ្លោកន្លងទៅប្រកួតនៅសង្វៀន ONE ផ្នែក MMA ដូចជា ចាន់ រតនា , នៅ ស្រីពៅ, វី ស្រីខួច, ថៃ រិទ្ធី, ស៊ឹម ប៊ុនស៊្រន់, រិន សារ័ត្ន, ខុន ស៊ីចាន់, មាស ម៉ើ និង សរ សី ជាដើម។ ក្នុងនោះកីឡាករគុនខ្មែរក៏មានវត្តមានបន្តបន្ទាប់នៅ ONE ដូចជា គង់ សំបូរ , សុខ ធី, និង ឡៅ ចិត្រា ជាដើម។ អ្នកលេងគុនចម្រុះ ជើងចាស់ ស សី និង ថៃ រិទ្ធី សុទ្ធតែផ្ញើសារស្រដៀងគ្នាដល់យុវជនជំនាន់ក្រោយឲ្យខិតខំប្រឹងហ្វឹកហាត់ដើម្បីទទួលបានឈ្មោះបោះសំឡេងទៅប្រកួតនៅសង្វៀន ONE និង ក្រៅប្រទេស រួមនឹងការទទួលបានកម្រៃខ្លួនថ្លៃច្រើនសន្ធឹក។
ទី៣ការផ្សព្វផ្សាយ បានទូលំទូលាយ៖
មិនត្រឹមតែ សហព័ន្ធទេដែលដើរតួនាទីបំផុសការផ្សព្វផ្សាយកីឡាគុនចម្រុះនេះ ប៉ុន្តែ ONE ក៏បានផ្សាយច្រើនសន្ធឹកលើវិបសាយរបស់ខ្លួនដែលមានអ្នកអានរាប់លាននាក់ពេលមានកីឡាករខ្មែរទៅប្រកួតម្ដងៗ។ ចំណែកវិបសាយក្នុងស្រុកដែលជាដៃគូរបស់ ONE និង វិបសាយផ្សេងទៀតក៏ចូលរួមក្នុងការផ្សព្វផ្សាយនេះដែរ។ នេះជាការរួមចំណែកបង្កើនទីផ្សាររបស់កីឡាករឲ្យកាន់តែទូលាយ និង លើកកម្ពស់កីឡាគុនចម្រុះរបស់កម្ពុជា។ ដើម្បីបំផុសសកម្មភាព MMA នៅកម្ពុជា ឬ សកម្មភាពនានារបស់កីឡាករ ឬ ប្រវត្តិកីឡាករ សហព័ន្ធបានដាក់ឲ្យប្រើប្រាស់ វិបសាយផ្លូវការ www.cambodian-mma-federation.com នាពេលថ្មីៗ។
គួររំលឹកថា ការប្រកួតក្បាច់គុនចម្រុះ ឬចាប់ផ្ដើមប្រកួតដណ្ដើមខ្សែក្រវាត់ Khmer Warriors Challenge បានបាច់ផ្ដើមកាលឆ្នាំ ២០១៣ ដែលផ្ដួចផ្ដើមដោយស្ថានីយទូរទស្សន៍ ស៊ីធីអិន និង MyTV ដោយមានសពលោក ម៉ា សេរី អតីតប្រធានផ្នែកកីឡា ជាបង្គោល។ បន្ទាប់មក ការប្រកួតវាយដាក់ទ្រុង ឬ ហៅថា គុនចម្រុះនេះមានទីផ្សារជារៀងរហូតមក ហើយ ស្ថាប័ន ONE Championship ក៏ធ្លាប់មករៀបចំការប្រកួតធំនៅ កម្ពុជាអំឡុងឆ្នាំ ២០១៤ និង ២០១៥ ផងដែរ៕