វិភាគ៖ កម្ពុជា នឹងពិបាកយកឈ្នះ ប៉ាគីស្ថាន នៅជើងទី២ក្នុងវគ្គជម្រុះវ៉ើលខាប់

ក្រុមជម្រើសជាតិកម្ពុជា នឹងប្រឈមជាមួយក្រុមកំពុងស្រេកឃ្លានជ័យជម្នះ ប៉ាគីស្ថាន ក្នុងជើងទី២វគ្គជម្រុះជុំដំបូងឆ្ពោះទៅព្រឹត្តិការណ៍វ៉ើលខាប់ ២០២២ នៅប្រទេសកាតា។ ក្រុមទាំងពីរនឹងប៉ះគ្នា ម៉ោង១១:០០នាទីយប់នេះ ( ម៉ោងនៅកម្ពុជា ) នៅទឹកដីដូហាប្រទេសកាតា ហើយពុំមានទូរទស្សន៍ផ្សាយផ្ទាល់ទេ។

មានហេតុផលធំៗមួយចំនួនដែល CTS-Sports យល់ថា នឹងក្លាយជាឧបសគ្គសម្រាប់ក្រុមគោព្រៃក្នុងប្រកួតនេះ៖

អាកាសធាតុ និងរបត់សង្គមនៅកាតា៖ នេះជាចំណុចពិបាកមួយដែលក្រុមកីឡាករកម្ពុជា ត្រូវលេងនៅសីតុណ្ហភាពប្រហែលជាង៣០អង្សារ។ ចំណុចនេះ នឹងធ្វើឲ្យពួកគេត្រូវប្រើចលនាសាច់ដុំខ្លាំង និងឆាប់អស់កម្លាំង។ បើមើលប្រព័ន្ធលេងកាលពីជើងទី១ ក្រុមលោក Felix ត្រូវប្រើកម្លាំងច្រើនមែនទែន ក្នុងការ Build Up ពីក្រោមដល់លើ។ សមាជិកសំខាន់ៗដូចជា សារ៉េត គ្រីយ៉ា , គួច សុកុម្ភៈ, សេត រ៉ូហ្ស៊ីប ត្រូវធ្វើការធ្ងន់ ហើយអាចពិបាក ប្រសិនគុណភាពរបស់ពួកគេធ្លាក់ចុះ។ ចំពោះរបបអាហាវិញក៏ទំនងមានបញ្ហា តែកម្ពុជាមានមន្ត្រីផ្នែកនេះទៅជាមួយ ដែលរំពឹងថានឹងដោះស្រាយបាន។ ចំណុចមានប្រៀបរបស់ ប៉ាគីស្ថាន គឺពួកគេមានមាឌធំ និងកម្លាំងសម្រុកបានលឿនៗ ប៉ុន្តែទាស់នៅត្រង់ប្រយុទ្ធគោលលេខ៩របស់គេ នៅស្ទើរបច្ចេកទេស។

កម្លាំងចិត្តរបស់ដៃគូឡើងខ្លាំង៖ ប៉ាគីស្ថាន បានប្រកាសសង្គ្រាមពាក្យសម្តីមកកម្ពុជា ថាខ្លួននឹងប្រយុទ្ធដល់ទីបញ្ចប់ ហើយពុំខ្លាចចាញ់នោះឡើយ។ ចំពោះនេះ ប៉ះពាល់កត្តាចិត្តសាស្ត្រសម្រាប់កីឡាករកម្ពុជា ដែលកាលណាប៉ះដៃគូហ៊ានលេងខ្លាំង នឹងបាត់បង់ទំនុកចិត្តភ្លាម។ ជាក់ស្តែងដូចប្រកួតជាមួយទីម័រ យើងមានចំណុចប្រៀបខ្លាំង ប៉ុន្តែដោយក្រុមកូនពៅអាស៊ាន លេងប្រើកម្លាំងខ្លាំងពេក កម្ពុជា ក៏ប្រហែសរហូតគេនាំមកដល់នាទីចុងក្រោយ។ ចំពោះរឿងនេះ កីឡាករពុំត្រូវមោទនភាពចំពោះលទ្ធផលជើងទី១ឡើយ ព្រោះគ្រាប់ឈ្នះនេះកើតឡើងពីការប្រហែសរបស់ខ្សែការពារប៉ាគីស្ថានមួយផ្នែកផងដែរ។ ប្រសិនគេបន្ថែម គុណភាពលើតំបន់ការពារ កម្ពុជា នឹងពិបាករកគ្រាប់។

ការលើកឡើងនេះ គ្រាន់តែជាមតិរបស់ CTS-Sport ។ យ៉ាងណាយើងនៅតែរំពឹងខ្ពស់ថា ក្រុមគោព្រៃ នឹងស្វែងរកជ័យជម្នះបាននាយប់នេះ។

កុំភ្លេច! ការប្រកួតនេះ នឹងមានផ្សាយផ្ទាល់លើផេក CTS-Sport ដោយមាន ​Admin សូរិយា ជាអ្នកអត្ថាធិប្បាយផងដែរ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT