De Jong៖ “យើង​លេង​មិន​បាន​ល្អ​ទេ តែ​នេះ​ជា​បទពិសោធន៍​ទុក​សងសឹក​នៅ Euro”

Frenkie de Jong ​មិន​អាច​ជួយ​ឲ្យ​ក្រុម​ហូឡង់​យក​ឈ្នះ​ពាន​រង្វាន់ Nations League ក្នុង​ទឹក​ដី​របស់​ព័រទុយហ្គាល់​បាន​ឡើយ បន្ទាប់​ពី​ភ្លាត់​ចាញ់​គ្រាប់​បាល់​នៅ​នាទី ៦០។ សម្រាប់​អតីត​យុវជន​នៅ Ajax ត្បិត​មិន​បាន​លើក​ពាន តែ​ក៏​បាន​ឈ្នះ​ពាន​រង្វាន់​បុគ្គល​នាម​ជា​កីឡាករ​ក្មេង​បំផុត​ក្នុង​ការ​ប្រកួត។

ក្រោយ​បរាជ័យ​ទល់​ព័រទុយហ្គាល់ De Jong បាន​និយាយ​ថា៖ “យើង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​គ្រប់​គ្នា​កំពុង​ប្រយ័ត្នប្រយែង​ខ្ពស់​ជាមួយ​ពួក​យើង ដោយ​យើង​ទទួល​បាន​បទពិសោធន៍​ច្រើន​បន្ថែម​ទៀត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ”។

ខ្សែ​បម្រើ​ឈរ​ជើង​នៅ Barcelona បន្ត៖ “យើង​មិន​បាន​លេង​ល្អ​នោះ​ទេ​កាល​ពី​យប់មិញ តែ​វា​ជា​បទពិសោធន៍​សម្រាប់​យើង​តតាំង​នៅ Euro ឆ្នាំ​ក្រោយ ដែល​យើង​សង្ឃឹម​ថា​នឹង​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​នេះ ដោយ​យើង​លេង​បាល់ Build-up មិន​ល្អ​គ្រប់គ្រាន់ ហើយ​ទាំង​ខ្ញុំ​ក៏​ដូច​គ្នា ខណៈ​យើង​រក​ដំណោះស្រាយ​នៅ​បាល់​ខ្សែ​បន្ទាត់​ឃើញ​តិចតួច”។

រូប​គេ​បញ្ចប់​ថា៖ “ខ្ញុំ​ចង់​ឈ្នះ​ពាន​រង្វាន់​ជាមួយ​ក្រុម​ទាំង​មូល​ច្រើន​ជាង តែ​នេះ​ក៏​ជា​កិត្តិយស​ដែល​ខ្ញុំ​ឈ្នះ​ពាន​បុគ្គល ដូច្នេះ​ខ្ញុំ​ពេញ​ចិត្ត​នឹង​ទទួល​បាន​វា”។ ប្រភព: FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT