រឿងរ៉ាវដែលមិនគួររំលងអំពីការប្រកួតបីគូ ប្រចាំថ្ងៃសៅរ៍ នៃសប្តាហ៍ទី ១០នេះ

ដំណើរឆ្ពោះទៅបញ្ចប់ជើងទីមួយ ក្នុងការប្រកួតដណ្តើមពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០១៨ បានឈានដល់សប្តាហ៍ទី ១០ហើយ ដោយក្នុងថ្ងៃសៅរ៍នេះមានបីគូ និងនៅសល់ ប្រកួតថ្ងៃស្អែក ។

-អគ្គស្នងការដ្ឋាននគរបាលជាតិ Vs អង្គរថាយហ្គឺរ

ស្ថិតនៅលេខរៀងទី ៦ ក្នុងលីគ ត្រឹម ៩ប្រកួត អគ្គស្នងការដ្ឋាននគរបាលជាតិ ឈ្នះ ៤ ស្មើ ២ និងចាញ់ ៣ ចាត់ទុកថាល្អដូចដើមរដូវកាលចាស់ផងដែរ ។ ពួកគេ ឈ្នះ ៣ ក្នុង ៤ប្រកួតនៅទឹកដីរបស់ខ្លួន (ទឹកដីរួមជាមួយអាស៊ីអឺរ៉ុប) ខណៈដែលកំណត់ត្រាល្អបំផុតនោះគឺ បំបាក់ វេស្ទើនភ្នំពេញ ៦-០ កាលពីសប្តាហ៍ទីមួយ ។

អំពីអង្គរថាយហ្គឺរវិញ ក៏មិនធម្មតាដែរ គ្រាដែលពួកគេឆ្លងកាត់ ៦ប្រកួតចុងក្រោយ ជួបបរាជ័យមួយលើកប៉ុណ្ណោះ គឺត្រូវក្រុមកំពូលតារាងបឹងកេត យកឈ្នះ ៤-០ ។ យ៉ាងណាមិញ ក្រុមដែលដឹកនាំដោយលោក Oroil Mohedano នៅពុំទាន់ស្វែងរកទីតាំងឈរជើងក្នុងលីគសុខស្រួលនៅឡើយទេ ដោយមាន ១១ ពិន្ទុ ឈរនៅលេខរៀងទី ៩ ។

*ក្រុមទាំងពីរជួបគ្នា ២លើកកាលពីរដូវកាល ២០១៧ បញ្ចប់ទៅដោយលទ្ធផល អគ្គស្នងការដ្ឋាននគរបាលជាតិ យកឈ្នះទាំងពីរជើង ក្នុងលទ្ធផល ៥-២ និង ៣-១ ។

-អាស៊ីអឺរ៉ុប Vs ព្រះខ័នរាជស្វាយរៀង
និយាយអំពីអាស៊ីអឺរ៉ុប គឺកំពុងតែល្អក្រោយបំបាក់វេស្ទើន ៦-១ ដែលអាចរក្សាកំណត់ត្រា មិនបរាជ័យ ៤ប្រកួតចុងក្រោយនេះ ( ឈ្នះ១ និងស្មើ ៣ ) ។ ប្រសិនបើឈ្នះព្រះខ័នរាជស្វាយរៀងល្ងាចនេះ ពួកគេនឹងក្លាយជាក្រុមទីបី បន្ទាប់ពីបឹងកេត (៩) និងណាហ្គាវើល (៧) ដែលកាន់កំណត់ត្រាមិនចាញ់ច្រើនប្រកួត ។

ព្រះខ័នរាជស្វាយរៀង ជួបទុក្ខដោយសារតែកីឡាករសំខាន់ៗមួយចំនួន ជាប់ពិន័យរបស់គណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងប្រកួតសប្តាហ៍ទី ៨ កន្លងមក និងឃើញថាពួកគេបរាជ័យ ២ប្រកួតចុងក្រោយ។

*ប្រវត្តិជួបគ្នារបស់ក្រុមទាំងពីរ កាលពីរដូវកាល២០១៧ ព្រះខ័នរាជ ឈ្នះទាំងក្នុង និងក្រៅទឹកដី ដោយលទ្ធផល ៤-៣ និង ៤-០ ។

-ក្រសួងការពារជាតិ Vs សូលទីឡូអង្គរ
គ្រូបង្វឹកក្រសួងការពារជាតិ លោក ភា សុភ័ត្រ្តា ដែលជាប់ពិន័យបួនប្រកួតរបស់គណៈកម្មការវិន័យ កាលពីសប្តាហ៍ទី ៦កន្លងមក នឹងបន្តអវត្តមានក្នុងជំនួបនេះ គ្រាដែលពួកគេ ត្រូវការពិន្ទុបន្ថែម ដើម្បីប្រដេញក្រុមកំពូលតារាង និង វិសាខាដែលនៅពីលើខ្លួន។ ក្រោយជួបបរាជ័យដ៏អាក្រក់ ៣ប្រកួតជាប់ៗគ្នា ពួកគេមានលទ្ធភាពអាចស្រោចស្រង់វិញបានដោយឈ្នះ ស្វាយរៀង និងឈ្នះ អគ្គិសនីកម្ពុជា ក្នុងប្រកួតចុងក្រោយនេះ ។

យ៉ាងណាក៏ដោយ សូលទីឡូអង្គរ ក៏ត្រូវការពិន្ទុបន្ថែមដើម្បីផ្តាច់ខ្លួនចេញពីក្រុមនៅបាតារាង​ អគ្គិសនីកម្ពុជា ស្រវ៉ាយកចំណាត់ថ្នាក់ខាងលើ មុនបញ្ចប់ជើងទីមួយនេះ ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT