ក្រុមបានផ្តល់ភាពរីករាយជូនអ្នកគាំទ្រទាំង 33706 នាក់នៅពហុកីឡដ្ឋានជាតិយប់មិញ តាមរយៈការស៊ុត២គ្រាប់យកឈ្នះប៉ាគីស្ថាន ក្នុងវគ្គជម្រុះ FIFA World Cup និង AFC Asian Cup ជុំទី១ជើងទី១ តំបន់អាស៊ី។
CTS-Sports សូមលើកយកកំណត់ត្រាមួយចំនួនកើតឡើងក្នុងការប្រកួតនេះ៖
សៀង ចន្ធា ក្លាយជាកីឡាករក្មេងបំផុតស៊ុតគ្រាប់ឲ្យជម្រើសជាតិ: សមាជិក U18 បាទីរូបនេះបានបំបែកកំណត់ត្រាសិស្សច្បង កែវ សុខង៉ន ដែលធ្លាប់ធ្វើបានកាលពីអាយុ១៦ឆ្នាំ១១ខែនិង២៩ថ្ងៃ ខណៈ ចន្ធា ទើបតែមានអាយុ អាយុ១៦ឆ្នាំ៨ខែនិង២៨ថ្ងៃ។
គួច សុគុម្ភៈ រកគ្រាប់បាល់លើកដំបូងក្នុងរយៈពេល៨ឆ្នាំចុងក្រោយ: ប្រធានក្រុមណាហ្គាវ៉ើលរូបនេះ ខកខានស៊ុតឲ្យជម្រើសជាតិតាំងពីឆ្នាំ២០១១មកម្ល៉េះ។ យ៉ាងណាក្តី ក្នុងនាមខ្សែបម្រើកណ្តាល កីឡាករវ័យ៣២ឆ្នាំរូបនេះតែងតែបង្ហាញទម្រង់លេងល្អលើទីលាន ទោះវ័យច្រើនជាងគេនាពេលបច្ចុប្បន្នក្តី។
កម្ពុជា ប្រើពេល៥២ឆ្នាំទើបឈ្នះ ប៉ាគីស្ថាន លើកទី២: កម្ពុជា ធ្លាប់ឈ្នះ ប៉ាគីស្ថាន ម្តងគត់ ដោយលទ្ធផល ១-០ នៅទីក្រុងរ៉ង់ហ្គូន ប្រទេសភូមា ក្នុងវគ្គជម្រុះតំបន់ខាងលិចនៃពានរង្វាន់ Asian Cup កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៦៧ ដោយមានអ្នកទស្សនា៤៥០០០នាក់។
ក្រុមទាំងពីរ នឹងប៉ះគ្នាម្តងទៀត នៅជើងទី២ ប្រចាំវគ្គជម្រុះនេះ នៅថ្ងៃទី១១ ខែមិថុនាខាងមុខ នៅទីក្រុងដូហាប្រទេសកាតា។