សមាជិកក្រុមប្រេស៊ីលទាំងមូល នៅតែមិនទាន់អាចបំភ្លេចការឈឺចាប់ចាញ់ក្នុងអាល្លឺម៉ង់ ៧-១ នៅព្រឹត្តិការណ៍ World Cup 2014 ក្នុងទឹកដីកំណើតរបស់ខ្លួនបានទេ។
តួយ៉ាងដូចជា Neymar ផ្ទាល់ ដែលរបួសគ្រានោះ មិនអាចចូលលេងនោះ ក៏នៅតែមានអារម្មណ៍ដិតដាមជាប់ខ្លួនរឿងចាញ់ច្រើននោះដែរ។ ខ្សែប្រយុទ្ធឆ្នើមរបស់ប្រេស៊ីលម្នាក់នេះ បាននិយាយម្សិលមិញនេះថា៖ “យើងនឹងជួបអាល្លឺម៉ង់ទៀត ហើយពេលនោះហើយជាពេលយើងត្រូវសងសឹកពួកគេវិញ។ កាលពីប្រកួតនោះ ប្រសិនបើមានខ្ញុំលទ្ធផលប្រហែលជាមិនអាក្រក់ដូច្នេះទេ។ ខ្ញុំពិតជាស្ដាយដែលមិនបានចូលលេង”។
ក្រុមប្រេស៊ីលតាំងពីបរាជ័យនោះមក ពួកគេបានស្ដាមុខមាត់ឡើងវិញខ្លាំងមែនទែន។ ជាក់ស្ដែងនៅ World Cup ឆ្នាំនេះ នរណាក៏គិតថា ប្រេស៊ីលមានភាគរយខ្ពស់ក្នុងការយកពានត្រលប់ទៅស្រុកវិញដែរ ព្រោះកីឡាករទាំងអស់សុទ្ធតែមានសមត្ថភាពខ្ពស់។
យ៉ាងណាមិញ មុនឆ្លងពូលទៅជួបជាមួយអាល្លឺម៉ង់ ប្រេស៊ីលត្រូវលេងឱ្យផុតពូល E សិន ដោយពួកគេត្រូវប៉ះជាមួយក្រុម ស្វីស កូស្ដារីកា និងសែប។ ការប្រកួតបើកឆាករបស់ប្រេស៊ីល នឹងធ្វើឡើងនៅថ្ងៃទី១៨ខាងមុខ ដោយប៉ះជាមួយក្រុមស្វីស៕ប្រភព៖ DailyMail