[ផ្លូវការ] ខ្ញី​ចាស់ Buffon ​ប្រកាស​ចែកផ្លូវ​ជាមួយ​ក្លឹប PSG ហើយ

អ្នកចាំទី​វ័យ​ចំណាស់ Gianluigi Buffon នឹង​ចាកចេញ​ពី​ក្លឹប Paris Saint-Germain នា​រដូវ​ក្តៅ​នេះ បន្ទាប់​ពី​កុងត្រា​របស់​លោក​ត្រូវ​បាន​បញ្ចប់​ជា​ផ្លូវការ។

កីឡារក​សញ្ជាតិ​អ៊ីតាលី​ដែល​បាន​ផ្លាស់​មក​ចូលរួម​នៅ​លក្ខខណ្ឌ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន​ចេញ​ពី Juventus បាន​ព្រមព្រៀង​លើ​កុងត្រា ១ ឆ្នាំ​ជាមួយ​នឹង​ក្លឹប​សេដ្ឋី​បារាំង។ ក្នុង​ការ​បង្ហាញ​ខ្លួន ២៥ ប្រកួត ​បុរស​វ័យ ៤១ ឆ្នាំ ក៏​ជា​ចំណែក​មួយ​ដែល​បាន​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ពាន​រង្វាន់ Ligue 1 ប៉ុន្តែ​ខកខាន​ការ​ឈ្នះ​ពាន Coupe de France នា​វគ្គ​ផ្តាច់ព្រ័ត្រ​និង​ធ្លាក់​ត្រឹម​វគ្គ ៨ ក្រុម​នៅ Champions League។

តាម​រយៈ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ចេញ​ពី​ក្លឹប PSG បាន​សរសេរ​ថា៖ “ក្លឹប Paris Saint-Germain និង Gianluigi Buffon បាន​ព្រមព្រៀម​នឹងមិនមានការ​បន្ត​កុងត្រា​ថ្មី​ដល់​វីរបុរស​រូប​នេះ​បន្ត​ទៀត​ឡើយ ដោយ​កុងត្រា​របស់​លោក​នឹង​ត្រូវ​ផុត​ត្រឹម​ថ្ងៃ​ទី​ ៣០ ​មិថុនា ឆ្នាំ ២០១៩”។

សម្រង់​សម្តី​ចេញ​ពី​សាមី​ខ្លួន​ផ្ទាល់​ក៏​បាន​និយាយ​ថា៖ “អរគុណ​អ្នក​រាល់​គ្នា​សម្រាប់​គ្រប់​យ៉ាង​ដែល​ខ្ញុំ​មាន​ឱកាស​ក្តោប​យក​បទពិសោធន៍​នៅ​ប៉ារីស”។ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT