អ្នក​ជំនាញ​ លើកឡើងពីការហាត់កម្លាំងកាយសម្រាប់អត្តពលិកកម្ពុជា

​ការ​ហ្វឹកហាត់​ផ្នែក​កម្លាំង​បាន​ដើរ​តួ​នាទី​សំខាន់​ក្នុង​ការ​​ទប់​កុំ​ឲ្យ​​កីឡាករ​អស់​​​ស៊ុហ្វ ​និង​ មិន​ងាយ​​​​រង​របួស​ងាយៗ។​ ​គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ នៃ​​ក្លិប​ប្រដាល់​ Cambodian Top Team (CTT) បាន​ជួល​សេវាកម្ម​អ្នក​ជំនាញ​ផ្នែក​កម្លាំង​នេះ​ គឺ​លោក​ Mark Chen សញ្ជាតិ​ហុល្លង់។ ការ​ហ្វឹកហាត់​ខ្លាំង​ កីឡាករ​ណា​ក៏​អាច​ធ្វើ​បាន​ ប៉ុន្តែ​ការ​ហ្វឹកហាត់​ត្រឹម​​ត្រូវ​បាន​បច្ចេកទេស​ទើប​លំបាក។ ​ឆ្លង​កាត់​​​ការ​​បង្វឹក​ផ្នែក​កាយសម្បទា​ដល់​កូន​សិស្ស​នៅ CTT ​រយៈ​ពេល​ប្រមាណ​ជា​ ៣​ ខែ ​គ្រូ​បង្វឹក​រូប​នេះ​​​បង្ហើប​អំពី​អត្ថប្រយោជន៍ ​និង​ ចំណុច​សំខាន់ៗ​នានា​ ​តាម​រយៈ​​ផ្ដល់​បទ​សម្ភាសន៍​ដល់​ ONE ដូច​ខាង​ក្រោម។

ONE មុន​ផ្លាស់​មក​ធ្វើ​ការ​នៅ​កម្ពុជា​ តើ​លោក​មាន​ប្រវត្តិ​ការងារ​យ៉ាង​ណា​ដែរ?

ចម្លើយ៖ ​ខ្ញុំ​បាន​ធ្វើ​​ការ​ជា​អ្នក​បង្វឹក​ផ្នែក​កម្លាំង, ​និង​ ជំនាញ​ផ្នែក​​អាហារូបត្ថម្ភ​តាំង​ពី​ឆ្នាំ​ ២០០៩​ មក។ ​ អំឡុង​ពេល​ខ្ញុំ​សិក្សា​ខ្ញុំ​បាន​ធ្វើ​ការ​នៅ​កន្លែង​ Gym មួយ​ដោយ​មិន​ទទួល​បាន​ប្រាក់​ខែ ប៉ុន្តែ ​ខ្ញុំ​បាន​រៀន​ និង​ទទួល​បាន​កាត​សមាជិក​​ឥត​បង់​ថ្លៃ។ ​អំឡុង​​ពេល​នោះ ​​ខ្ញុំ​អនុវត្តន៍​នូវ​អ្វី​ដែល​ខ្ញុំ​បាន​រៀន។ ​បន្ទាប់​មក​ទៀត​ខ្ញុំ​បាន​ធ្វើ​ការ​នៅ​កន្លែង​ Gym ធំ​មួយ​នៅ​ប្រទេស​ហុល្លង់​ ​ក្នុង​នាម​​ជា​​អ្នក​ជំនាញ​ស្តារ​នីតិសម្បទា។

ONE បន្ទាប់​ពី​បង្ហាត់​ដល់​កូន​សិស្ស​នៅ CTT រយៈ​ពេល​ប្រមាណ​ ៣ ខែតើ​លោក​យល់​យ៉ាង​ណា​ចំពោះ​ភាព​រីក​ចម្រើន​របស់​ពួក​គេ?

ចម្លើយ៖ ការ​វាយ​តម្លៃ​កីឡាករ​មាន​ពីរ​ប្រភេទ​​ គឺ​ ​ «អត្តនោម័តិ ​» និង «សត្យានុម័ត»​។ អត្តនោម័តិ ​មាន​ភាព​ងាយ​ស្រួល​បំផុត​ដោយ​គ្រាន់​តែ​សួរ​កីឡាករ​ ​អារម្មណ៍​យ៉ាង​ណា​ក្រោយ​ហ្វឹកហាត់​ ហើយ​ ​យើង​ទទួល​បាន​​​ភាព​កែ​តម្រូវ​ត្រលប់​មក​វិញ។ ​​​មើល​ទៅ​ពួក​គេ​មាន​ការ​​បម្លាស់ទី​​ល្អ​ជាង​មុន ​រាង​កាយ​មើល​ល្អ​ជាង​មុន​ ​និង ​មើល​ទៅ​សប្បាយ​ចិត្ត។ នេះ​ជា​ការ​វាស់​ស្ទង់​ខាង​ក្រៅ។​ ​ប៉ុន្តែ​ «សត្យានុម័ត» ​វិញ​យើង​ត្រូវ​​ធ្វើ​តេស្ដ​តាម​កម្មវិធី​របស់​យើង។ ​​ការ​ធ្វើ​​តេស្ដ​គឺ​ជា​ការ​វាយ​តម្លៃ​ចំពោះ​កម្លាំង​របស់​ពួក​គេ សន្ទុះ ​ភាព​អំណត់ ​ភាព​រហ័សរហួន​ និង ភាព​បត់បែន។ ពេល​​នេះ​យើង​កំពុង​តែ​​ព្យាយាម​​រៀប​ចំ​ថ្ងៃ​​ខែ​ដើម្បី​​ធ្វើ​តេស្ដ​ឡើង​វិញ​ ថា​​តើ​ពួក​គេ​នឹង​រីកចម្រើន​កម្រិត​ណា​ដែរ​​ផ្នែក​​កម្លាំង​ស៊ុហ្វ​ បន្ទាប់​ពី​ហ្វឹកហាត់។

ONE អ្វី​ជា​​កត្តា​សំខាន់​ដែល​ជួយ​ឲ្យ​កម្លាំង​​កាន់​តែ​ល្អ​ឡើង​សម្រាប់​កូន​សិស្ស​ ឬ ​កីឡាករ​នៅ CTT? ចម្លើយ៖ ​​ការ​ហ្វឹកហាត់​​​ផ្នែក​កម្លាំង​ នឹង​ធ្វើ​ឲ្យ​ការ​​ប្រកួត​កាន់​តែ​ល្អ​ប្រសើរ​ឡើង​នៅ​​លើ​សង្វៀន។ ​​យើង​ត្រូវ​តែ​ផ្លាស់​ប្ដូរ​ទម្លាប់​ចាស់(Old School) ​ពោល​ «train hard or go home» ឬ ​ន័យ​ថា «​ហ្វឹកហាត់​ខ្លាំង ឬ​ ​ត្រលប់​ទៅ​ផ្ទះ​វិញ»។ វា​មិន​មែន​ជា​ការ​ស្រាវជ្រាវ​សម័យ​ទំនើប​នោះ​ទេ​ ​ហើយ​វា​ធ្វើ​ឲ្យ​កីឡាករ​ឆាប់​រង​របួស។ ​​យើង​ត្រូវ​ ​គោរព​តាម​ប្រព័ន្ធ​ចលនា​របស់​មនុស្ស ​ដូច​ជា​ អំណត់ កម្លាំង សន្ទុះ ភាព​បត់បែន និង បម្លាស់ទី។ ​នេះ​ជា​ចំណុច​ចាំ​បាច់​បំផុត​សម្រាប់​កីឡាករ​គ្រប់រូប ប៉ុន្តែ​ពួក​គេ​តែង​តែ​មើល​រំលង។ ចំណុច​សំខាន់​ខ្លាំង​នោះ​គឺ អំណត់ ​ដែល​​ត្រូវ​ឆ្លើយ​សំណួរ​ថា​ ​កីឡាករ​អាច​ស៊ូ​បាន​ប៉ុន្មាន​ទឹក​នៅ​លើ​សង្វៀន។ ​ភាព​បន់​បែន​សំដៅ​លើ​ការ​វ៉ៃ​ចេញ​ និង ទាត់​​ជា​ដើម។ ​សន្ទុះ​ គឺ​សំដៅ​​​លើ​ចលនា​នៃ​​កម្លាំង ទាត់​និង​វ៉ៃ​ចេញ ​ល្បឿន​ ​បម្លាស់ទី និង​ ​ភាព​​រហ័ស (Speed, Agility, Quickness)។ ​កម្លាំង​ ​មាន​ន័យ​ថា ​ស្ថានភាព​ទូទៅ​ដែល​​​ទ្រទ្រង់​ដល់​សាច់​ដុំ​ និង​ឆ្អឹង។​ បើ​​មាន​ទាំង​អស់​នេះ​ យើង​អាច​គ្រប់គ្រង​ស្ថានការណ៍​លើ​សង្វៀន​បាន​ល្អ។

ONE ឆ្លង​តាម​បទ​ពិសោធន៍​របស់​លោក​ ​​តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​​ផ្ដល់​កម្លាំង​ស៊ុហ្វ​ដល់​កីឡាករ​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត?

ចម្លើយ៖ ​នេះ​​វិធី​សាស្ត្រ​ល្អ​ក្នុង​​ការ​បង្កើន​កម្លាំង​​ស៊ុហ្វ។ ​អ្នក​រាល់​គ្នា​អាច​ហ្វឹកហាត់​ខ្លាំង វា​ជា​ការ​ងាយ​ស្រួល​ទេ។ ប៉ុន្តែ​វិធី​ហ្វឹកហាត់​ខ្លាំង​ស្រប​តាម​បច្ចេកទេស​​​​ដែល​ធ្វើ​មិន​ឲ្យ​​ប៉ះ​ពាល់​ដល់​សុខភាព​ទើប​លំបាក។ ​នេះ​​​តម្រូវ​ឲ្យ​មាន​ចំណេះ​ដឹង ផែនការ​ ការ​បង្កើត​កំហុស​ និង ​ការ​រៀន​អំពី​​កំហុស​ទាំង​នោះ។ ​កីឡាករ​ត្រូវ​តែ​នៅ​ជា​មួយ​អ្នក​ជំនាញ។ ការ​តម​អាហារ​ និង ​ការ​ហាត់​កម្លាំង​បាន​ល្អ​ធ្វើ​ឲ្យ​យើង​ជៀស​ផុត​ពី​បញ្ហា​របួស​នានា។ ​​បើ​​មើល​អត្តពលិក​ល្បីៗ​ក្នុង​​លោក​ ពួក​គេ​សុទ្ធ​តែ​មាន​អ្នក​ជំនាញៗ​នៅ​ក្បែរ​ខ្លួន​ជា​និច្ច​ និង ​ទទួល​ការ​ហ្វឹកហាត់​តាម​បច្ចេកទេស​​ផ្សេងៗគ្នា។ ​កីឡាករ​ត្រូវ​ទទួល​យក​ចំណេះ​ដឹង​ពី​គ្រប់​អ្នក​ជំនាញ ​ជា​មួយ​ការ​អត់ធ្មត់​​ខ្ពស់ និង​ ​​ទទួល​តុល្យភាព​​ការ​ហ្វឹកហាត់ និង​ ​​ការ​ថែ​​​ទាំ​​រាង​កាយ​ឲ្យ​ល្អ​ប្រសើរ(Body Recover)។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT