គ្រូជម្រើសជាតិមិនយកកីឡាករតាមអ្នកគាំទ្រ គួរតែទទួលបានការស្តីបន្ទោសឬយ៉ាងណា?

ពិភពបាល់ទាត់កម្ពុជាកំពុងជួបរឿងក្តៅ ក្រោយគ្រូបង្វឹកជម្រើសជាតិមិនជ្រើសរើសកីឡាករមួយចំនួនដែលអ្នកគាំទ្រចង់ឲ្យជាប់ដូចជា រៀម សឹង ទេស សម្បត្តិ និង ចាន់ វឌ្ឍនាកា ចូលក្នុងបញ្ជីត្រៀមប៉ះជម្រើសជាតិប៉ាគីស្ថាននាល្ងាចថ្ងៃទី០៦ ខែមិថុនា ខាងមុខនៅពហុកីឡដ្ឋានជាតិ។

មជ្ឈដ្ឋានអ្នកគាំទ្របានបញ្ចេញមតិរៀងខ្លួនប៉ុន្តែស្របគ្នា ដែលចង់ឲ្យកីឡាករដែលគេគិតថាល្អសាកសមពាក់អាវគួរព្រៃចូលជួយក្រុម។ ម្យ៉ាងទៀត ពួកគេក៏រឹះគន់ចំពោះកីឡាករបម្រុងនៅក្លិបមួយចំនួនដែលបានជាប់ដូចជា ឃៀង ម៉េងហួរ ស៊ិន សុផាណាត ខណៈដែលការបាត់មុខអ្នកចាំទីបិទដៃគូមិនឲ្យស៊ុតចូលច្រើនជាងគេ អាំ សុវណ្ណរ៉ាត់ ក៏ធ្វើឲ្យអ្នកគាំទ្រងឿងឆ្ងល់ផងដែរ។

បើមើលពីភាពទទួលខុសត្រូវ ក្រុមការងាររបស់ Honda នឹងត្រូវប្រឈមជាមួយបញ្ហា២ធំៗ។ រឿងដំបូងគឺ សម្ពាធនៃការរៀបចំដែលមានពេលវេលាតិចបំផុត ពោលគឺបានត្រឹម៣ថ្ងៃមុនការប្រកួត ពុំមានពេលធ្វើតេស្តិ៍ល្អិតល្អន់ ឬប្រកួតមិត្តភាពឡើយ។ កីឡាករភាគច្រើន សុទ្ធតែយុវជន U22 ដែលមានកាយសម្បទាតូចៗ ខណៈដែល ប៉ាគីស្ថាន ព្យាយាមប្រមូលកីឡាករក្រៅស្រុកស្ទើរមួយក្រុមមកជួយបង្កើតប្រវត្តិសាស្ត្រនេះ។

បើមើលម្យ៉ាងទៀត ចំពោះប្រកួតនេះប្រសិនបើកម្ពុជាមិនទទួលបានលទ្ធផលល្អទេ អ្នកគាំទ្រនឹងរឹះគន់កាន់តែខ្លាំងដូចជំនាន់ Leonardo និង Lee Taehoon។ អ្នកគាំទ្រមួយចំនួន ផ្តោតខ្លាំងលើលទ្ធផល ប្រសិនបើឈ្នះគេនឹងបង្ហាញអារម្មណ៍មោទកភាពខ្លាំងលើកីឡាករ ខណៈបើផ្ទុយពីនេះ គ្រូបង្វឹកគួរតែចេញពីតំណែង។ ជាក់ស្តែង កាលពីឆ្នាំមុនដែលជម្រើសជាតិធ្វើមិនបានល្អ បរិមាណនៃការទស្សនាដ៏មហាសាល ជុំវិញ៥ម៉ឺននាក់ក្នុងមួយប្រកួត បានធ្លាក់មកសល់ត្រឹមក្បែរ២ម៉ឺនប៉ុណ្ណោះ។

យ៉ាងណាក្តី មានអ្នកគាំទ្រមួយចំនួនផ្សេងទៀត បានសាទរចំពោះការផ្តល់ឪកាសដល់អ្នកថ្មីៗ ដោយសំអាងថា ចង់បានការផ្លាស់ប្តូរមួយក្នុងក្រុម។ ពួកគេថា ទម្រង់លេងដដែលៗពីមុន ពុំអាចឲ្យកម្ពុជារីកចំរើនខ្លាំងឡើយ។ អ្នកគាំទ្រជឿថា ឆន្ទៈយុវជនជំនាន់ក្រោយ នឹងឈ្នះចិត្តអ្នកគាំទ្រ រួមទាំងដណ្តើមបានលទ្ធផលល្អពីដៃគូថែមទៀត។

ជម្រើសជាតិកម្ពុជា ​​នឹងបើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​ ​ទទួល​​ស្វាគមន៍​ប៉ាគីស្ថាន​នា​ថ្ងៃ​ទី​៦​ ខែ​មិថុនា ឆ្នាំ​២០១៩​ខាង​មុខ​ និង​ជើង​ទី​២​ ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩​ ប៉ាគីស្ថាន​ទទួល​កម្ពុជា​វិញ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT