Sarri ​ខឹង​ខ្លាំង ​ក្រោយ​ពី Luis ​និង Higuain ​ឈ្លោះ​គ្នា​ពេល​ហ្វឹកហាត់

ក្រុម Chelsea ​បាន​ហ្វឹកហាត់​ជុំ​គ្នា​លើក​ចុង​ក្រោយ​នៅ​កីឡដ្ឋាន Baku ​កាល​ពី​យប់មិញ​នេះ ​ដើម្បី​ត្រៀម​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ទល់​ក្រុម Arsenal ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​ពាន​រង្វាន់ UEFA Europa League ​។

ក្នុង​ការ​ហ្វឹកហាត់​ចុង​ក្រោយ​នេះ​ដែរ ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កីឡាករ David Luiz ​និង Higuain ​ផង​ដែរ ​ដែល​ធ្វើ​ឱ្យ​លោក Sarri ​ដែល​ជា​អ្នក​ចាត់ការ​ខឹង​ជា​ខ្លាំង។ យ៉ាងណាមិញ ​ក្រោយ​ពី​ហ្វឹកហាត់​ចប់​ទៅ ​ជំនួយ​ការ​អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី ​បាន​បញ្ជាក់​ថា​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ឡើយ ​ហើយ​លោក Sarri ​បង្ហាញ​កាយ​វិការ​មិន​ពេញ​ចិត្ត​នោះ ក៏​មិន​មែន​ដោយសារ​តែ​កីឡាករ​ដែរ។ លោក​មិន​ពេញចិត្ត ​ព្រោះ​មិន​អាច​អនុវត្ត​ការ​លេង Set Play ​បាន​ប៉ុណ្ណោះ។

មួយ​រយៈ​ចុង​ក្រោយ​នេះ ​លោក Sarri ​មាន​បញ្ហា​ច្រើន​មែនទែន​ជាមួយ​ក្រុម Chelsea ។ មាន​ប្រភព​មួយ​ចំនួន​បាន​បញ្ជាក់​ថា​លោក​បាន​យល់​ព្រម​ទៅ​ដឹក​នាំ​ក្រុម Juventus ​ទៅ​ហើយ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ទល់​ក្រុម Arsenal ​នៅ​យប់​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT