នារសៀលថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨ នេះ គ្រូបង្វឹករបស់ក្រុមបាល់ទាត់ក្រសួងការពារជាតិ លោក ភា សុភ័ត្រា្ត បានធ្វើការបង្ហាញបន្ថែមជុំវិញលទ្ធផលនៃការព្យាបាលរបួសត្រចៀករបស់កីឡាកររបស់ខ្លួន ដែលបានប៉ះទង្គិចក្នុងការប្រកួត កាលពីសប្តាហ៍ទី ៨ កន្លងមក ។
នៅលើសំណេរដែលសរសេរលើបណ្តាញសង្គមហ្វេសប៊ុក ៖ « ស្បែកក្រដាស់ត្រចៀករបស់ Yudai Ogawa ដុះលូតលាស់ប្រសើរហើយ តែក្តីសង្ឃឹមថាចូលប្រកួតជាមួយប៉ូលីសនាប្តាហ៍ទី១១ ត្រូវអាក់ខាន ព្រោះពេទ្យតំរូវអោយសំរាក់ពីការហ្វឹកហាត់គ្រប់១ខែ » ។
សូមបញ្ជាក់ឡើងវិញថា ខ្សែប្រយុទ្ធសញ្ជាតិជប៉ុនរូបនេះ បានទទួលរងរបួសត្រចៀក នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅឯកីឡដ្ឋានស្វាយរៀង ពេលដែលក្រសួងការពារជាតិ ប្រកួតទល់នឹងក្រុម ព្រះខ័នរាជស្វាយរៀង ហើយក្រោយមកត្រូវបានសហព័ន្ធ និងក្លិបសាម៉ី សម្រេចពិន័យបុគ្គលពាក់ព័ន្ធក្នុងហេតុការណ៍នោះ ។ Ogawa ត្រូវគណៈកម្មការវិន័យ ពិន័យដោយព្យួរចំនួន ០១ប្រកួត ។
គួដឹងផងដែរថា Yudai Ogawa គឺជាកីឡាកររបស់ទ័ពដែលរកបានគ្រាប់បាល់ច្រើនជាងគេ គិតត្រឹម ៩ប្រកួតនាដើមរដូវកាលនេះ ដោយរកបាន ៤គ្រាប់ ស្ថិតនៅក្នុងបញ្ជីប្រដេញបេក្ខភាពស្បែកជើងមាស លេខរៀងទី ៩ ៕