ក្រុម Barcelona ​បាត់​ពាន Copa del Rey ​ក្រោម​ថ្វី​ជើង Valencia ​

ក្រុម FC Barcelona ​បាន​បរាជ័យ​ក្នុង​ពាន​រង្វាន់ Copa del Rey ​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ​ក្រោម​ថ្វី​ជើង Valencia ​២-១ ​កាល​ពី​យប់មិញ​នេះ។

ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Cup ​របស់​អេស្ប៉ាញ​នេះ​ដែរ ​ក្រុម Barcelona ​ដាក់​កីឡាករ​មិន​ពេញ​ជើង​ឡើយ ​ព្រោះ​លោក Valverde ​ចង់​មើល​ជើង​កីឡាករ​ដើម្បី​ត្រៀម​ដាក់​លក់​ចេញ ឬ​ទុក​នៅ​បន្ដ។ ការ​ប្ដូរ​កីឡាករ​ជម្រើស​១១​នាក់​នេះ ​បាន​ធ្វើ​ឱ្យ​លទ្ធផល​មិន​គាប់​ប្រសើរ​ឡើយ។ ជាក់​ស្ដែង​ត្រឹម​តង់​ទី​១ ​ក្រុម Valencia ​អាច​នាំ​មុខ​មុន​បាន​ដល់​ទៅ​២​គ្រាប់​ទៅ​ហើយ។

យ៉ាងណាមិញ ​ចូល​ដល់​តង់​ទី​២​វិញ ​អ្នក​ចាត់ការ​ក្រុម Barcelona ​ខាង​លើ​ក៏​បាន​ប្ដូរ​កីឡាករ​ថ្មី​ចូល​៣​នាក់​ថ្មី​ទៀត ​រហូត​ដល់​លទ្ធផល​មាន​ការ​ប្រែប្រួល​ខ្លះ។ Lionel Messi ​ក៏​បាន​រក​បាន​១​គ្រាប់​នៅ​នាទី​៧៣ ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​ក្នុង​ការ​តាម​ស្មើ​ឬ​យក​ឈ្នះ Valencia ​បាន​ឡើយ ដោយ​ចប់​ការ​ប្រកួត ​ក្រុម​អ្នក​មាន​បុណ្យ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង Valencia ​ក្នុង​លទ្ធផល ២-១។

ក្រុម Valencia ​ឈ្នះ​យប់មិញ​នេះ ​គឺ​ជា​ការ​ឈ្នះ​ពាន Copa del Rey ​លើក​ទី​៨​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​នេះ។ ការ​ឈ្នះ​លើក​ចុង​ក្រោយ​របស់​ពួកគេ​ធ្វើ​បាន​នៅ​ឆ្នាំ​២០០៨៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT